ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានថ្លែងឲ្យដឹងនៅថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២១ថា ខេត្តមណ្ឌលគិរី បានទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ថ្មី ជាប្រវត្តិសាស្ត្របន្ថែមទៀត គឺខ្សែបញ្ជូន២៣០គីឡូវ៉ុល ភ្ជាប់ពីខេត្តក្រចេះមកខេត្តមណ្ឌលគិរី ចម្ងាយ១៣៣គីឡូម៉ែត្រ ព្រមទាំងដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ចំនួន២ គឺអនុស្ថានីយអគ្គិសនីអូរខ្វាវ កំលាំង33MVA ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ជាតំបន់អាជីវកម្មរ៉ែមាស និងអនុស្ថានីយអគ្គិសនីមណ្ឌលគិរី កំលាំង 50MVA ក្នុងក្រុងសែនមនោរម្យ។
ចំពោះសមិទ្ធផលដ៏ថ្មីនេះ គឺជាប្រភពផ្គត់ផ្គង់ថ្មីដល់ខេត្តមណ្ឌលគិរីទាំងមូល និងជាពិសេសតំបន់ឧស្សាហកម្មរ៉ែមាស ដែលនឹងត្រូវចាប់ផ្តើមដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ។ កន្លងមកការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ គឺពឹងផ្អែកស្ទើរតែទាំងស្រុង លើការនាំចូលអគ្គិសនីពីប្រទេសវៀតណាម និងពីខេត្តរតនគិរី តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ២២ និង ៣៥គីឡូវ៉ុល ដែលប្រភពនីមួយៗមានចម្ងាយជាង១០០គីឡូម៉ែត្រ ដែលបង្កឲ្យមានការរអាក់រអួលជារឿយៗ។
អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមថា ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល និងអនុស្ថានីយអគ្គិសនីមណ្ឌលគិរីនេះ គឺទទួលបានពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលបានផ្តល់កម្ចីឥណទានសម្បទានសម្រាប់គម្រោងនេះ។
ជាមួយគ្នានេះ ក៏ជាការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនបរទេសមកវិនិយោគឧស្សាហកម្មធន់ធ្ងន់ ដែលក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ពីប្រទេសអូស្រ្តាលី បានមកសិក្សាស្រាវជ្រាវ និងសាងសង់រោងចក្រផលិតមាស។
អនុស្ថានីយអគ្គិសនីអូរខ្វាវនេះ ត្រូវបានសាងសង់ដោយប្រើទុនវិនិយោគផ្ទាល់របស់ក្រុមហ៊ុនខាងលើ ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មរបស់គេ និងប្រើប្រាស់ជាប្រភពផ្គត់ផ្គង់អគ្គិសនីដល់ការសិក្សាស្រាវជ្រាវធនធានរ៉ែផ្សេងៗ នៅតំបន់នេះបន្តទៀត ក៏ដូចជាជួយផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ជាពិសេសជូនបងប្អូនជនជាតិភាគតិចនៅជុំវិញទីនោះ។ អនុស្ថានីយអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលនេះ នឹងត្រូវប្រគល់ជូនជាអំណោយមកជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានអគ្គិសនីកម្ពុជាជាអ្នកគ្រប់គ្រងដំណើរការ។
លោក កែវ រតនៈ បានបន្តថា ចាប់ពីពេលនេះតទៅខេត្តមណ្ឌលគិរី នឹងទទួលបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ល្អប្រសើរច្រើនជាងមុន ដែលនឹងជួយទាក់ទាញអ្នកវិនិយោគទាំងផ្នែកកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលជាខេត្តមានសក្តានុពលធនធានធម្មជាតិដ៏ច្រើនសម្បូរបែប។
លេីសពីនេះ អគ្គនាយកអគ្គិសនីកម្ពុជា បានបន្ថែមទៀតថា នេះជាសមិទ្ធផលថ្មីមួយទៀត ក្រោមការចង្អុលទិសនិងគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលធ្វើឲ្យខេត្តមណ្ឌលគិរី កែប្រែនូវមុខមាត់ឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជួយបង្កើនចំណូលដលប្រជាពលរដ្ឋ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ៕ ដោយ ៖ សហការី