ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្តតាកែវ៖ បង្ហាញអត្តសញ្ញាណអ្នកកេីតជំងឺកូវីដ-១៩ ចំនួ​ន​៤០នាក់ថែមទៀត

ចែករំលែក៖

ខេត្ត​តាកែវ​៖ បេីយោង​តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០នាក់ថ្មីទៀត ដែលជាអាជីវករ ពលករ សិស្ស កុមារ និងកម្មករ-កម្មការិនីរោងចក្រ។

បើតាមសេចក្តីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា ក្នុងកំឡុងពេលនៃការបន្តផ្អាកជាបណ្តោះអាសន្ន បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទីតាំងខាងលើ ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងអនុវត្តចូលរួមតាមវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលជាចាំបាច់។

គួររម្លឹកថា​ កាលពីពេលថ្មីៗនេះ​ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក សហការ​ជាមួយ​អាជ្ញាធរពាក់ព័ន្ធ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញ ប្រកាសបិទខ្ទប់ “ផ្សារសំរោងយ៉ោង” ជាបណ្ដោះអាសន្ន ដោយសារមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើនអ្នកជាមួយអ្នកមានជំងឺកូវីដ-១៩ ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដេីម្បីទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩​ ផងដែរ​៕ ដោយ​៖សហការី​


ចែករំលែក៖