ភ្នំពេញ៖ ពិតជាធ្វើឲ្យទស្សនិកជនបានជ្រាបកាន់តែច្បាស់អំពីចំណងស្នេហាខុសវ័យ ប៉ុន្តែវាមានភាពផ្អែមល្ហែមខ្លាំងណាស់រវាងកំលោះសង្ហា លោក ណាខុន នឹងអ្នកមេម៉ាយទ្រព្យស្តុកម្នាក់។
បើទោះបីជាចំណងស្នេហ៍ដែលកើតចេញត្រឹមតែការសែនព្រេនតាមប្រពៃណី និងមានការដឹងឮពីចាស់ទុំទាំងសងខាងមិនគគ្រឹកគគ្រេងនោះក្តី ក៏ចំណងស្នេហានេះ ឋិតថេរបានរយៈពេល២ឆ្នាំពេញហើយ។
រយៈ ពេល២ឆ្នាំនៃការប្រើប្រាស់ឈ្មោះជាប្តីប្រពន្ធនេះ លោកណាខុន បានទទួលស្គាល់អំពីចំណងស្នេហានេះជាផ្លូវការរួមទាំងបានប្រើប្រាស់ពាក្យពេចន៍ផ្អែមល្ហែមបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនលោកដោយបានសន្យាថានឹងមើលថែប្រពន្ធនិងកូនជារៀងរហូតទៀតផង។តារាសម្ដែងរូបនេះបានបង្ហោះសារដ៏ផ្អែមល្ហែមភ្ជាប់ជាមួយរូបថតភ្ជាប់ពាក្យជាច្រើនសន្លឹកនៅលើហ្វេសប៊ុក ហើយសូម្បីតែនៅលើបណ្ដាញសង្គមInstagram ក៏លោកបានបញ្ចេញដោយមិនលាក់លៀមដែរ។
លោកបញ្ជាក់ពីទឹកចិត្តថា “បងសន្យាថានឹងមើលថែអូន និងកូនជារៀងរហូត សូមឲ្យគ្រួសាររបស់ខ្ញុំជួបតែសុភមង្គល ជួបតែរឿងល្អៗ និងមានសេចក្ដីសុខជារៀងរហូត”។ ក្នុងជំនួបផ្ទាល់កន្លងទៅលោកមិនបានបដិសេធនោះទេ ប៉ុន្តែលោកក៏មិនបានបញ្ចេញអត្តសញ្ញាណភរិយានោះដែរគ្រាន់តែលោកលើកឡើងថា គាត់គឺជាអ្នកជំនួញម្នាក់ ហើយលោកក៏មិនមានគម្រោងបោះបង់ការងារសិល្បៈ ដើម្បីឈោងចាប់មុខជំនួញណាមួយជាមួយភរិយាដែរ ខណៈដែលភរិយាក៏ពេញចិត្តនឹងការងារសិល្បៈរបស់លោកផងដែរ។
ទោះជាយ៉ាងណាមានប្រភពអ្នកជិតដិតទម្លាយថា ភរិយារបស់លោកណាខុន គឺជាអ្នកជំនួញលេចធ្លោរនិងមានមុខជំនួញមួយចំនួនក្នុងដៃ ពិសេសលើជំនួញអចលនទ្រព្យ ហើយជាញឹកញាប់គេឧស្សាហ៍ឃើញភរិយារបស់លោករួមដំណើរកម្សាន្តជាមួយអ្នកជំនួញលំដាប់សេដ្ឋីនៅកម្ពុជារួមទាំងអ្នកឧកញ៉ាគិតម៉េង និងលោកជំទាវ ស្រីតូច ចំណានជាដើម ហើយអ្នកទាំងពីរក៏ល្អូកល្អឺនខ្លាំងដែលសូម្បីតែកូនប្រុសម្នាក់ដែលស្ថិតក្រោមការមើលថែរបស់ភរិយាលោកក៏មានភាពស្និទ្ធស្នាលដូចឪពុកបង្កើតនោះដែរ ហើយតារារូបនេះនៅតែបន្តការងារសិល្បៈជាធម្មតា និងទទួលបានការកោតសរសើរពីក្រុមសិល្បករថា លោកនៅតែបន្តធ្វើខ្លួនយ៉ាងសាមញ្ញដូចមុនទោះបីមានភរិយាមានជីវភាពធូរធារខ្លាំងក៏ដោយ៕
ដោយ ៖ វឌ្ឍនា