ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខ៥១ នាំយកអំណោយមេបញ្ជាការកងទ័ពជើងគោក ជូនប្រជាពលរដ្ឋជួបការលំបាក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃសៅរ៍ ១១កើតខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពល បានបន្តដឹកនាំក្រុមការងារ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នាំយកអំណោយ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ រស់នៅក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួមមាន៖

១- ឈ្មោះ ឆាយ សារិទ្ធ  អាយុ៤៤ឆ្នាំ ភេទប្រុស មានភរិយាងងឹតភ្នែកទាំងសងខាងរស់នៅភូមិគោកទ្រាស ។

២- លោកយាយ ងួន មួន ជាស្ត្រី មេម៉ាយអាយុ៧៥ឆ្នាំ មានជំងឹប្រចាំកាយនៅភូមិគោកត្រាច។

អំណោយរួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកាមួយចំនួន ។ 

នៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងជូនអំណោយនេះដែរ ក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខរបស់មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់សុខទុក្ខដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋានជាបន្តបន្ទាប់តាមរយ:ក្រុមការងារកន្លងមក។

លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានមានប្រសាសន៍ថា ស្ថិតនៅក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ក្នុងព្រឹត្តិការណ៍ ២០ កុម្ភ:ឆ្នាំ២០២១ ប្រជាពលរដ្ឋ មួយចំនួនពិតជួបការលំបាកដែលត្រូវការអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធបន្ត រួមគ្នាជួយដោះស្រាយតាមលទ្ធភាពជាក់ស្ដែង។ 

ឆ្លៀតឱកាសនោះដែរ បានក្រើនរំលឹកដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យស្អាតជានិច្ចក្នុងការរស់នៅប្រចាំថ្ងៃ និងបានសំណូមពរបន្តអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល វិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលជាប់ជាប្រចាំ។ 

សូមបញ្ជាក់ថា ការផ្តល់អំណោយនាពេលនេះ សេចក្តីរំភើប រីករាយឥតឧបមា នូវទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយឧបត្ថម្ភដល់រូបគាត់ និងគោរពជូនពរជូនចំពោះ លោកថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ប្រកបដោយក្តីរំភើបមិនអាចកាត់ថ្លៃបាន៕

ដោយ ៖ សូរិយា


ចែករំលែក៖