ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសវិកលចរិកដេកស្លាប់កណ្ដាលវាលស្រែផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ក្មេងៗនិងអ្នកភូមិប្រញាប់ប្រញាលរាយការណ៍មកសមត្ថកិច្ចខណៈប្រទះឃើញបុរសវិកលចរិកម្នាក់ដេកស្លាប់នៅចំណុចកណ្ដាលវាលស្រែសង្ស័យខ្យល់គរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិពោធិ៍ថ្មីឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ សៅ ពាន អាយុ៥១ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឲ្យដឹងថាបុរសនេះជាមនុស្សវិកលចរិកដោយដើរតាមផ្លូវអ្នកភូមិមានការអាណិតបានអោយម្ហូបអាហារហូបជាប្រចាំ។

ប្រភពបន្តថាក្រោយមកប្រមាណ២ទៅ៣ថ្ងៃនេះបុរសខាងលើមិនឃើញហូបអាហារនោះទេសង្ស័យមានជម្ងឺទើបនៅព្រឹកកើតហេតុស្រាប់តែប្រទះឃើញដេកស្លាប់កណ្ដាលវាលស្រែបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកសពត្រូវបានសមត្ថកិច្ចនិងគ្រូពេទ្យពិនិត្យរួចបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ យឹម សុថាន


ចែករំលែក៖