ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធហុល្លង់ Depay ចាកចេញពី Lyon ក្លាយជាភ្នាក់ងារឥតគិតថ្លៃ

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិហុល្លង់បានប្រាប់កាសែតប្រចាំថ្ងៃបារាំង L’Equipeនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ខ្សែប្រយុទ្ធ Memphis Depay នឹងចាកចេញពីក្លិប Lyon នៅចុងបញ្ចប់នៃរដូវកាលនេះនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់។

សារព័ត៌មាន AFP បានផ្សាយថា កីឡាករវ័យ២៧ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Lyon ពីក្រុមបិសាចក្រហម Manchester United កាលពីខែមករា ឆ្នាំ២០១៧ នឹងបានបង្ហាញខ្លួនជាលើកចុងក្រោយរបស់គាត់សម្រាប់ក្លិប Lyon ជាមួយក្រុម Nice នៅថ្ងៃអាទិត្យក្នុងការប្រកួតមួយដែលក្រុមនេះត្រូវប្រជែងកៅអី Champions League នៅរដូវកាលក្រោយ។ បច្ចុប្បន្ន Lyon ឈរនៅលេខ៤ដោយមាន១ពិន្ទុតាមពីក្រោយក្រុម Monaco ដែលកំពុងប្រជែងកាន់កាប់កៅអីក្របខ័ណ្ឌ Champions League

Depay ដែលមានសាក់រូបតោនៅលើខ្នងរបស់គាត់បាននិយាយថា “ខ្ញុំមានអារម្មណ៍ចំលែកក្នុងការគិតថានេះគឺជាការប្រកួតចុងក្រោយរបស់ខ្ញុំនៅទីនេះ។ វាធ្វើឱ្យខ្ញុំសោកសៅដែលបានទៅកីឡដ្ឋានទទេមួយដោយគ្មានអ្នកគាំទ្រ”។

កាលពីខែកញ្ញាឆ្នាំមុន Depay ត្រូវបានគេរាយការណ៍ថា មានភាពជិតស្និទ្ធនឹងជនរួមជាតិ Frenkie de Jong និងលោក Ronald Koeman នៅឯក្លិប Barcelona ក្នុងការផ្ទេរដែលមានតម្លៃ២៥លានអឺរ៉ូ (ស្មើនឹង២៩,៦លានដុល្លារអាមេរិក) ប៉ុន្តែការផ្លាស់ប្តូរនេះមិនកើតមានឡើយ។

លោក Koeman កំពុងសម្លឹងមើលការស្ថាបនាឡើងវិញនៅ Barcelona ដែលការផ្លាស់ប្តូរនេះអាចនឹងវិលត្រឡប់មកវិញ ទោះបី Depay ដែលរកបាន២០គ្រាប់ និង Assist ១០គ្រាប់ក៏ដោយក៏បើកចំហរសម្រាប់ការផ្តល់ជូន ៕

ដោយ៖ ភារៈ


ចែករំលែក៖