ព័ត៌មានទាន់ហេតុការណ៍៖

សំណង់ខុសច្បាប់សង់ប៉ះកៀកខ្សែបណ្តាញអគ្គិសនីមេ អាជ្ញាធរក្រុងនិងជំនាញចុះផ្អាកមិនស្តាប់ ឥឡូវឆក់ជាងម្នាក់ធ្លាក់ដល់ដីកំពុងសង្គ្រោះបន្ទាន់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សំណង់ដែលកំពុងសាងសង់ខុសច្បាប់មួយកន្លែងកៀកនឹងខ្សែភ្លើងមេបានបណ្តាលឱ្យជាងម្នាក់ត្រូវចរន្តស្រូបឆក់ធ្លាក់ទើរលើរន្ទារងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។

  ករណីចរន្តអគ្គិសនីឆក់ជាងធ្វើផ្ទះនោះបានកើតឡើងនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១នៅចំណុចសំណង់ខុសច្បាប់ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

តាមប្រភពនៅនឹងកន្លែងកើតហេតុឱ្យដឹងថា សំណង់មួយនេះត្រូវបានអាជ្ញាធរនិងជំនាញអគ្គិសនីបានចុះណែនាំនិងឱ្យធ្វើកិច្ចសន្យារុះរើរន្ទាផ្អាកការសាងសង់នោះមិនបានប៉ុន្មានថ្ងៃផងក៏ស្រាប់តែជួបបញ្ហាគ្រោះថ្នាក់ជាងសំណង់ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

  ប្រភពបន្តថា ម្ចាស់សំណង់នោះឈ្មោះសុខ គឹមសា រស់នៅភូមិកើតហេតុខាងលើដែលបានសាងសង់សំណង់ខុសច្បាប់ហើយត្រូវបានក្រុមការងារអគ្គិសនីសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងសែនមនោរម្យចុះពិនិត្យទីតាំងនិងធ្វើកិច្ចសន្យានៅទីតាំងនោះកាលពីវេលាម៉ោង១៥៖០០នាទីថ្ងៃទី១២ខែឧសភាឆ្នាំ២០២១។

  ការចុះពិនិត្យរបស់ក្រុមការងារអគ្គិសនីនិងអាជ្ញាធរក៏បានធ្វើការណែនាំអំពីគ្រោះថ្នាក់និងសុវត្ថិភាពដែលបណ្តាលមកពីការសាងសង់លំនៅឋានកៀកនឹងខ្សែបណ្តាញតង់ស្យុងមធ្យមនោះ។

មិនតែប៉ុណ្ណោះម្ចាស់ផ្ទះនោះព្រហើនហ៊ានដាក់រន្ទាឡើងស៊កទុយយោពណ៌ខៀវស្រោបពីលើខ្សែបណ្តាញនោះហើយយកឈើទល់ឱ្យឃ្លាតឆ្ងាយដើម្បីងាយសាងសង់បន្ត តែក៏ត្រូវក្រុមការងារបណ្តាញអគ្គិសនីចុះធ្វើការរុះរើរន្ទានិងទុយយោនោះចេញរួចអស់ហើយដែរ ។

ហើយក៏បានព្រមព្រៀងធ្វើកិច្ចសន្យាដកការសាងសង់និងផ្តិតមេដៃផងដែរប្រសិនបើមានការសាងសង់បន្តបណ្តាលឱ្យមានបញ្ហាគ្រោះថ្នាក់ឬខូចខាតសម្ភារណាមួយផ្សេងៗរបស់អគ្គិសនីនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ប៉ុន្តែការធ្វើកិច្ចសន្យានោះមិនទាំងបានប៉ុន្មានថ្ងៃផងក៏ស្រាប់តែជួបបញ្ហាគ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនីឆក់ជាងម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះតែម្តង។

ម្ចាស់សំណង់មិនត្រឹមតែមិនអនុវត្តតាមការណែនាំរបស់ជំនាញប៉ុណ្ណោះទេថែមទាំងប្រព្រិឹត្តធ្វើសកម្មភាពសាងសងបន្តមិនខ្លាចញញើតអាជ្ញាធរនិងក្រុមហ៊ុនអគ្គិសនីនោះឡើយ។

ជនរងគ្រោះស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់មិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយ៕

    

ដោយ៖ ជីវ័ន្ត


ចែករំលែក៖