ភ្នំពេញ៖ កម្មករ-កម្មការិនីចំនួន ២៣០បន្ទប់ នៅផ្លូវឌួង ងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកវេលាម៉ោង ១១ និង៣០នាទីថ្ងៃត្រង់ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នាំគ្នាតវ៉ាឲ្យម្ចាស់ផ្ទះជួលបញ្ចុះតម្លៃ ថ្លៃឈ្នួល ៥០% ភ្លាមៗត្រូវបានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដោយមានការចូលរួមពី លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ និងលោក យាន ឧត្តម តំណាងសង្កាត់ស្ទឹងមានជ័យទី៣ ដឹកនាំកម្លាំងចុះសម្របសម្រួលផងដែរ ។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានធ្វើការសម្របសម្រួល រវាងម្ចាស់ផ្ទះជួល និងកម្មករ កម្មការិនី ដែលបានទាមទារឲ្យមានការបញ្ចុះថ្លៃផ្ទះជួល ហើយ លោកអភិបាលរង បានបន្តថា ដោយសារតែពួកគាត់គ្មានការងារធ្វើ ក្នុងកំឡុងពេលបិទខ្ទប់ នៃតំបន់ក្រហម ដោយមិនអនុញ្ញាតឲ្យពួកគាត់ចេញពីផ្ទះ ដើម្បីបំពេញការងារផ្សេងៗ និងគ្មានប្រាក់ចំណូលដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ដូច្នេះសូមភាគីខាងម្ចាស់ផ្ទះ មេត្តាយោគយល់ដល់ពួកគាត់ផង ។
ក្រោយការចុះសម្របសម្រួលនេះដែរ លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា ភាគីខាងម្ចាស់ផ្ទះជួល ព្រមបញ្ចុះថ្លៃក្នុងមួយបន្ទប់ ១៥ដុល្លារ ស្មើនឹង ៣០% ឯភាគីខាង កម្មករ កម្មការិនី ក៏បានឯកភាពទទួលយកការបញ្ចុះថ្លៃនេះ ដោយក្តីរីករាយបំផុត ។
ទន្ទឹមនឹងនេះ លោកអភិបាលរងរូបនេះ បានអំពាវនាវសូមឲ្យបងប្អូន កម្មករ កម្មការិនី មេត្តាយោគយល់ និង រក្សារបៀបរយកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយក៏សូមអគុណ ដល់ម្ចាស់ផ្ទះជួលទាំងអស់ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ដែលតែងតែយោគយល់ នឹងបន្ធូបន្ថយថ្លៃឈ្នួលដល់បងប្អូន កម្មករ កម្មការិនី ដែលបានជួបនូវជីវភាពខ្វះខាត ក្នងកំឡុងពេលបិទខ្ទប់ ភូមិសាស្ត្រ រាជធានីភ្នំពេញ និង ការរីករាលដាលនៃជំងឺ កូវីដ-១៩៕ដោយ៖ស តារា