ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចខ្សែភ្លើងត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់លួចខ្សែភ្លើងក្នុងរោងចក្រទឹកស្អាតបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ដើម្បីចាត់ការតាមច្បាប់។

  លោក នួន នីណារ៉ូ មេបញ្ចាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហូវ ណាក់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ក្រោយពីមានពាក្យបណ្តឹងពីរោងចក្រខាងលើ លោកដឹកនាំកម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅម៉ោង១៣និង០០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ។

  លោក បញ្ជាក់ថា ក្រោយពីសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនមានគ្នា៣នាក់ ហើយខ្លួនជា អ្នកមើលផ្លូវ ចំណែកជនសង្ស័យ២នាក់ទៀត ឈ្មោះ ហើម និងឈ្មោះវ៉ែន ជាអ្នកទំលុះជញ្ចាំងស័ង្កសីចូលលួចខ្សែភ្លើងកាលពីយប់ម៉ោង១១និង០០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ តែត្រូវសន្តិសុខមកទាន់ ក៏នាំគ្នារត់គេចខ្លួន រហូតដល់សមត្ថកិច្ចឃាត់ខ្លួនគេតែម្តង។

   ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកជនសង្ស័យ២នាក់ទៀតកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួន៕

ដោយ ៖ វណ្ណា


ចែករំលែក៖