ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក យស់ មុន្នីរ៉ាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា កម្ពុជាចំណូលសួយសារអាករ ឬចំណូលមិនមែនពន្ធ ពីវិស័យរ៉ែ មានជាង ២១លានដុល្លារ ក្នុងឆ្នាំ២០២០ កើនឡើងប្រមាណ៥ភាគរយ ធៀបនឹងឆ្នាំ២០១៩។
លោក យស់ មុន្នីរ៉ាត់ បានថ្លែងបន្តថា ចំណូលនេះបានមកពីអាជ្ញាប័ណ្ណរ៉ែ, ថ្ម ,ខ្សាច់ ,គ្រួស និងការជីកដី។ បន្ថែមពីនេះលោកថា ទោះបីចំណូលសួយសារអាករពីវិស័យរ៉ែ មានការកើនតិចតួច ប៉ុន្តែកំណើននេះឆ្លុះបញ្ជាំងពីការងារ និងសកម្មភាពអាជីវកម្មរបស់អាជ្ញាប័ណ្ណប្រភេទរ៉ែនីមួយៗ។
គួរជម្រាបថា បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់គ្រប់ប្រភេទសរុបជាង១០០អាជ្ញាប័ណ្ណ នៅទូទាំងប្រទេស និងក្រសួងបានផ្តល់អាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈចំនួន ៤០ នៅទូទាំងប្រទេស។
ដោយឡែកប្រទេសកម្ពុជា ក្រៅពីរ៉ែ ខ្សាច់ ,ថ្ម ,គ្រួស បច្ចុប្បន្នក៏កំពុងតែទាញចម្រាញ់យករ៉ែប្រេងកាត ហើយរ៉ែមាស កំពុងតែស្ថិតនៅក្នុងស្ថានភាពវិជ្ជមានផងដែរ៕
ដោយ ៖ សហការី