ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបរមិនប្រកាន់ស្តាំបុករថយន្តដឹកទំនិញរួចរេចង្កូតបុកចូលផ្ទះលក់បាយទាំងព្រឹកតែសំណាងល្អម្ចាស់ផ្ទះរងរបួសស្រាល

ចែករំលែក៖

      ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹកខណៈមានរថយន្តកុងតឺន័រមួយគ្រឿងបើកបរមិនប្រកាន់ស្តាំទៅបុករថយន្តធុនធំដឹកទំនិញមួយគ្រឿងទៀតបណ្តាលឱ្យរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋដែលកំពុងរៀបចំលក់បាយពេញទំហឹង តែសំណាងល្អដោយគ្រាន់តែមានអ្នករងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៤៨ នាទីព្រឹកថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៤និង១០៥ ស្ថិតក្នុងភូមិធ្លក ឃុំ ក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

  យោងតាមសមត្ថកិច្ចបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អន សុីយុន មុខរបរលក់ដូរបាយម្ហូប រស់នៅភូមិឃុំកើតហេតុខាងលើដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ចំណែកផ្ទះនិងរបស់របរខូចខាតទាំងស្រុង។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តកុងតឺន័មួយគ្រឿង ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣E ៥៧០៥ ធ្វើដំណើរពីកើតទៅលិចនៅលើផ្លូវជាតិលេខ១ដោយប្រើប្រាស់ល្បឿនលឿនរួចក៏ស្រាប់តែរេចង្កូចមកខាងស្តាំដៃបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកហុិយ៉ាន់ដាយ (វេអង) ដឹកទំនិញពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A- ៧៤៣៩ដែលធ្វើដំណើរពីលិចទៅកើតបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង។

ក្រោយមករថយន្តហុីយ៉ាន់ដាយដឹកទំនិញក៏បានរេចង្កូតទៅបុកចូលផ្ទះលក់បាយមួយកន្លែងបណ្ដាលឱ្យខ្ទេចអីវ៉ាន់លក់ដូរ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេគឺគ្រាន់តែម្ចាស់ផ្ទះលក់បាយរងរបួសស្រាលប៉ុណ្ណោះ។

ចំណែករថយន្តកុងតឺន័រមិនទាន់អស់ល្បឿនបន្តទៅបុកតូបលក់ដូរមួយទៀតដែលគេទុកចោលខ្ទេចទើបរថយន្តអស់ល្បឿនឈប់តែម្ដង។

ប្រភពបន្តថា បន្ទាប់ពីកើតហេតុអ្នកបើករថយន្តទាំង២គ្រឿងឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបាត់ភ្លាមៗតែម្ដង។

  សមត្ថកិច្ចនគរបាលចរាចរណ៍បានបញ្ជាក់ថា មូលហេតុ ដោយសារតែអ្នកបើករថយន្តកុងតឺន័រ មិនប្រកាន់ស្តាំទើប បុករថយន្តហុីយ៉ាន់ដាយដឹកទំនិញបង្កគ្រោះថ្នាក់ចរាចរណ៍បែបនេះ៕

ដោយ៖យឹម សុថាន


ចែករំលែក៖