ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចគាស់តូបកាហ្វេយកម៉ាស៊ីនឆុងកាហ្វេ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌចំការមនធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបាន បន្ទាប់ពីជនរូបនេះធ្វើសកម្មភាពលួចគាស់តូបលក់កាហ្វេយកម៉ាស៊ីនឆុងកាហ្វេបានសម្រេចហើយក៏រត់គេចខ្លួនតែរត់មិនរួច កាលពីវេលាម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៤៧០កែងផ្លូវលេខ១៦៣ ក្រុម៧ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ នី ទីន ហៅ ខ្មៅ ភេទ ប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលតាមផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ។

សម្ភារដកហូតបានមាន៖ 

១.រុឺម៉កអេតចាយ០១គ្រឿង

២.ម៉ាស៊ីនឆុងកាហ្វេមួយឈុត(ម៉ាក SM)។

 បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង៥៖០០នាទីព្រឹក ជនរងគ្រោះ ឈ្មោះ សែង សុងគីមស៊ុង ភេទប្រុស ចេញពីផ្ទះមកបើកតូបលក់កាហ្វេ  នៅចំណុចផ្លូវលេខ៤៧០កែងផ្លូវលេខ១៦៣ ក្រុម៧ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន  ទើបដឹងថាមានចោរគាស់តូបកាហ្វេយកអស់ម៉ាស៊ីនឆុងកាហ្វេមួយឈុត ប្រដាប់បំពងសំឡេង(ស្ពីកឃើរ)ចំនួន០១គ្រឿង និង លុយចំនួនប្រាំមុឺនរៀល។រហូតដល់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទីយប់សមត្ថកិច្ចបានស្រាវជ្រាវឃាត់បានជនសង្ស័យម្នាក់ និងដកហូតបានម៉ាស៊ីនឆុងកាហ្វេមួយឈុត និងរុឺម៉កដឹកអេតចាយចំនួន១។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ ជីណា

.


ចែករំលែក៖