ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង នៅតែបន្ដដាស់តឿនឲ្យអាជ្ញាធរខណ្ឌ មានវិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងផ្ទុះជម្ងឺកូវីដ-១៩ថ្មី និងនៅតាមទីផ្សារ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) និងមានផ្សារ ត្រូវអនុវត្តការងារលើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ខណៈ មានខណ្ឌមួយចំនួនបាន ផ្ទុះឡើងនូវជម្ងឺកូវីដ-១៩នេះ ជាថ្មីឡើងវិញ។

   ការជំរុញបែបនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី២៦  ឧសភា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Confe rence ) ជាមួយអភិបាលខណ្ឌ ទាំង១៤នៅសាលារាជធានីភ្នំពេញ ខណៈខណ្ឌមួយចំនួនកំពុងប្រឈមនឹងការបិទខ្ទប់ផ្នែកខ្លះនៃខណ្ឌរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្ទុះឡើងជម្ងឺកូវីដ-១៩ជាថ្មីឡើងវិញ។

   តំបន់ដែលផ្ទុះឡើងវិញនូវជម្ងឺកូវីដ-១៩ជាថ្មីនេះ មានមួយផ្នែកខ្លះ នៃខណ្ឌសែនសុខ , នៅសហគមន៍AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ‘ ភូមិព្រៃទា សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និងនៅភូមិឬស្សី ឬស្សីទី២ ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២និសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម ។

  លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា ចំពោះតំបន់លឿង រដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យដំណើរការជាធម្មតា មិនធ្វើការហាមប្រាមនោះទេ ។ អ្វីដែលយើងហាមប្រាម គឺតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩តែប៉ុណ្ណោះ ដូចដែល

យើងបានកំណត់ជាទីតាំងបិទខ្ទប់ដូចប៉ុន្មាន សង្កាត់ខាងលើ។

   លោក ឃួង ស្រេងបានបន្តថា ៖ ទីតាំងតំបន់លឿងទុំ ដែលបាននិងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌ ដែលពាក់ព័ន្ធ ត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនឱ្យមានការចេញ ចូលដាច់ខាត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ។

  ក្រៅពីបញ្ហាដែលបានលើកឡើងខាងលើ លោកឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះពិនិត្យ ស្ថានភាពនៅតាមផ្សារនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ និងធ្វើរបាយការណ៍ពីវឌ្ឍនភាពផ្សារនីមួយៗ ជាប្រចាំផងដែរ ។

លោកបន្តទៀតថា៖ ការបើកផ្សារឡើងវិញនេះ គឺពិតជាមានហានិភ័យខ្ពស់ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ដូច្នេះទាំងខណ្ឌ ទាំងគណៈកម្មការផ្សារត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារ ដោយត្រូវផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករ អនុវត្តវិធានរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច។  

       បន្ថែមពីនេះ លោកឃួង ស្រេង អភិបាលរាជធានីក៏បានជំរុញឱ្យពង្រឹងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីផ្សារនេះឱ្យបានល្អប្រសើរផងដែរ ដោយបច្ចុប្បន្ននេះ កូវីដ-១៩ ភាគច្រើន ផ្ទុះឡើងវិញ នៅតំបន់មិនរៀបរយតែប៉ុណ្ណោះ៕

ដោយ ៖ សំរិត


ចែករំលែក៖