ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលថៃ៖​ អ្នកទោសមួយចំនួន​ នឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ​ ចំពេលករណីឆ្លងកូវីដ-១៩ ទៅលើ​អ្នកទោសនៅតាម ពន្ធនាគារបានកើនឡើង

ចែករំលែក៖

អន្តរជាតិ​៖​ រដ្ឋាភិបាលថៃ​ បន្ទាប់ពី​មានផែនការកាត់បន្ថយ ភាពណែនណាន់តាន់តាប់នៅតាមពន្ធនាគារដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19​ ថ្មីៗនេះ​គម្រោងនឹងដោះលែងអ្នកទោសមួយចំនួននៅក្នុងប្រទេស​ ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នឆាប់ៗនេះ។ ចំពោះ​ការដោះលែងអ្នកទោសឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នខាងលើ កើតមានឡើងនៅចំពេលករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកទោសនៅតាម ពន្ធនាគារបានកើនឡើងគួរឱ្យបារម្ភផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។

បើតាមរដ្ឋមន្ត្រីយុត្តិធម៌ថៃ លោក Somsak Thepsuthin បានទទួលស្គាល់ថាចំនួនអ្នកទោសបច្ចុប្បន្នគឺវាលើសពីសមត្ថភាពផ្ទុករបស់ ពន្ធនាគារដែលតម្រូវឱ្យមានការពង្រីកទំហំឡើងវិញ។

លោករដ្ឋមន្ត្រីយុត្តិធម៌ថៃរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «អ្នកទោសដែលនឹងត្រូវដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ពួកគេត្រូវអនុវត្តការធ្វើចត្តាឡីស័កតាមស្ដង់ដារ ជាមុនសិន។ យើងនឹងមិនបណ្ដោយឱ្យអ្នកជំងឺ COVID-19 ចេញនោះទេ ហើយពួកគេនឹងត្រូវធ្វើតេស្ដនៅមុនពេលត្រូវដោះលែង។ ចំណែក​ការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នទៀតសោត​ នឹងត្រូវធ្វើឡើងដោយភាពត្រឹមត្រូវយុត្តិធម៌»។

ដោយ​ឡែក​អាជ្ញាធរពន្ធនាគារថៃ​ ក៏បានបញ្ជាក់ដែរថា​ មានអ្នកទោសច្រើនជាង ៣១១,០០០នាក់ នៅតាមមណ្ឌលកែប្រែ ឬពន្ធនាគារចំនួន ១៤៣ នៅទូទាំងប្រទេស។

គួរបញ្ជាក់ថា បច្ចុប្បន្នរលកថ្មី នៃជំងឺCOVID-19 បានឆ្លងរាលដាលនៅតាមពន្ធនាគារជាច្រើននៅទូទាំងប្រទេសថៃ។ ខណៈ​មនុស្សច្រើនជាង ១០០,០០០នាក់​ បានឆ្លងជំងឺកាចសាហាវមួយនេះ ចាប់តាំងពីខែមេសាមក ក្នុងនោះ៖​ មានអ្នកទោស ១៨,០០០នាក់៕ដោយ​៖ស​ តារា​


ចែករំលែក៖