ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័របត់ឆ្វេងលឿនមិនប្រយ័ត្ន ទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

       ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រប្រាដូ​បេីកបរដោយនារីម្នាក់បានបត់ឆ្វេងដៃចូលផ្លូវបេតុង មិនប្រយ័ត្ន ក៏បុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើង ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ម្ចាស់ម៉ូតូដែលរបួសបាក់ជេីងមាន ឈ្មោះ ទេស ថាមរ៉ាត់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនតេលា។

     តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម​ C១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-5616 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមាននារីម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-0208 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ក្នុងល្បឿងលឿនគួរសម ក៏បានបត់ឆ្វេងដៃចូលផ្លូវបេតុង មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងខាងឆ្វេង និងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ចំណែកឯ ម៉ូតូរងការខូចខាតយ៉ាងដំណំ ហេីយរថយន្តវិញក៏រងការខូចខាតផ្នែកមុខត្រង់កាងខាងឆ្វេងផងដែរ​ ។ 

      ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ​ ទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖