ភ្នំពេញ៖ លោក ហុង ឡុង នាយកខុទ្ទកាល័យ បាននាំយកទេយ្យវត្ថុ និងបច័យរបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានប្រគេនដល់ ព្រះញាណសំវរ ស៊ឹម សយ៉ុង ព្រះរាជាគណថ្នាក់ចត្វា និងជាព្រះគ្រូចៅអធិការវត្តសាវ័នតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ ។
សូមរំលឹកផងដែរថា វត្តសារាវ័នតេជោ ត្រូវបានបិទខ្ទប់កាលពីថ្ងៃទី២៣ឧសភា ឆ្នាំ២០២១ ដោយសារតែ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានរកឃើញមានវិជ្ជមានចំនួន ១០អង្គ/នាក់ ។ បច្ចុប្បន្ននេះ មានព្រះសង្ឃ និងអ្នករស់នៅក្នុងវត្តសរុបចំនួន ៣៣៤អង្គ/នាក់ ដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅក្នុងវត្តផងដែរ។
ចំណែកឯទេយ្យវត្ថុរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានយកមកប្រគេនដល់ព្រះសង្ឃនៅក្នុងថ្ងៃនេះ គឺជាការចូលរួមចំណែកក្នុងការសម្រាលនូវការ លំបាករបស់ព្រះចៅអធិការវត្តសាវ័ន្តតេជោ និងចូលរួមចំណែកក្នុងការលើកស្ទួយនៅវិស័យព្រះពុទ្ធសាសនា នៅក្នុងដំណាក់កាលនៃការឆ្លងរីករាដាលនៃជំងឺកូវីដ១៩ ក្នុងគ្រាដ៏លំបាកនេះ។
ទេយ្យវត្ថុដែលប្រគេននៅពេលនេះ រួមមាន៖ទី១.អង្ករ២៥គីឡូក្រាម ៣០បាវ ទី២.ទឹកសុទ្ធ ៣០កេស ទី៣. ម៉ាស់ ៥.០០០ម៉ាស់ ទី៤.ទឹកត្រី ៣០យួរ ទី៥. ទឹកស៊ីអ៉ីវ ៣០យួរ ទី៦.ត្រី ខ ១កេស ទី៧.សាច់ក្រ ៥គីឡូក្រាម ទី៨.ត្រីងៀត ៥គីឡូក្រាម ទី៩.អាល់កុល ១កាន ទី១០. ថវិកាមួយចំនួន៕
ដោយ ៖ សហការី