ខេត្តបន្ទាយមានជ័យ៖ ម្ចាស់អាខោន Facebook ឈ្មោះ ឈុន សុខហេង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតហៅឲ្យស្រាយបំភ្លឺក្រោយពីបានខមិនរិះគន់ លើក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ដែលកំពុងបំពេញការងារក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១បន្ទាប់ពីមានការបង្ហោះបង្ហាញពីសកម្មភាព ក្រុមការងារប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលមានរូបក្រុមគ្រូពេទ្យ អាជ្ញាធរ កងកម្លាំង នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត លើFacebookអ្នកសារព័ត៌មានក្នុងស្រុកមួយរូប ស្រាប់តែមានម្ចាស់អាខោន ហ្វេសប៊ុកឈ្មោះ ឈុន សុខហេង បានខមិនថា “ យកតាមកាស៊ីណូ អនឡាញច្រើនណាស់ និង កាស៊ីណូធំៗ នៅប៉ោយប៉ែត អត់មាននាក់ចុះឆែកសោះ។ ព័ត៌មានប្អូនធ្វើការនៅកាស៊ីណូអនឡាញថា នាក់កើតដាក់ មួយដុំ នាក់មិនកើតមួយដុំ ម្យ៉ាងវិញទៀត បុកលុយបិទព័ត៌មាន ហើយមានពួកពេទ្យស៊ីលុយខាងក្រៅទៅព្យាបាលទៀត។ ស្រុកខ្ញុំហើយ ថ្ងៃណា បានពួក អាពុករលួយអស់ណឹង ងាប់អស់” ។
ដោយសារខមិនខាងលើរបស់អាខោន ហ្វេសប៊ុក ឈ្មោះ ឈុន សុខហេង បានធ្វើឲ្យអាជ្ញាធរ សមត្ថកិច្ច មួយចំនួនមានការប្រតិកម្មយ៉ាងខ្លាំង និងបានស្នើឲ្យសមត្ថកិច្ច នាំខ្លួនបុក្គលខាងលើមកស្រាយបំភ្លឺឲ្យបានច្បាស់លាស់។
លោក បោន សីហា អធិការស្តីទី នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា នៅព្រឹកទី៣០ ខែឧសភានេះ បុគ្គលខាងលើបានមកយកសំណាកតេស្តរកកូវីដ-១៩ រួចហើយបានចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ភ្លាមនោះកម្លាំងជំនាញក៏បានបញ្ជូនទៅកាន់ការិយាល័យបង្ក្រាបបទល្មើសបច្ចេកវិទ្យា នៃស្នងការរដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ៕
ដោយ ៖ វណ្ណា