ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋមកជួយបាញ់ពន្លត់ទាន់ពេលដោយសារឆ្លងចរន្តអគ្គិសនីក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះអ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍បាញ់ទឹកពន្លត់រហូតគ្រប់គ្រងស្ថានការណ៍បានមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពេជ្រ សុភា ភេទស្រីអាយុ៥៦ឆ្នាំមុខរបរមេផ្ទះ រស់នៅភូមិស្រះវង់សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះរងគ្រោះខាងលើទើបបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះអ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនឹងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយមកកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកម្លាំងកងរាជអាវុធហត្ថក្រុងនិងអាជ្ញាធរមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុនិងសហការជាមួយប្រជាពលរដ្ឋនាំគ្នាជួយដងទឹកនិងបាញ់ទឹកពន្លត់ភ្លើងរហូតគ្រប់គ្រងស្ថានការណ៍ទាន់ពេលវេលាមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកភូមិនោះទេ។សមត្ថកិច្ចបញ្ជាក់ថាសម្ភារដែលខូចខាតរួមមានព្រីកុងតាក់ភ្លើងខ្សែភ្លើងនិងពិដានផ្ទះមួយផ្ទាំងនិងរបស់របរមួយចំនួនដោយសារមូលហេតុឆ្លងចរន្តអគ្គិសនីទើបបណ្ដាលឱ្យហេតុការខាងលើនេះកើតឡើង៕

ដោយ៖យឹម សុថាន


ចែករំលែក៖