នៅថ្ងៃទី២៩ខែឧសភា ពលរដ្ឋប្រេស៊ីលរាប់សិបពាន់នាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្ម បង្ហាញពីការខឹងសម្បារយ៉ាងខ្លាំង ដល់ប្រធានាធិបតី Jair Bolsonaro ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ ។ នេះជាការធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នៅក្នុងប្រទេសនេះចាប់តាំងពីការផ្ទុះកូវីដ-១៩ ។
បាតុករកើតឡើងនៅទីក្រុងធំៗជាច្រើនក្នុងប្រទេសប្រេស៊ីល ក្នុងនោះមាន ទីក្រុង Sao Paulo, Rio de Janeiro និង Brasilia ទាមទារចោទប្រកាន់ទោសទៅលើប្រធានាធិបតី Bolsonaro ហើយទាមទារសិទ្ធក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។
ក្រុមបាតុករមិនបានរក្សាគម្លាតនោះឡើយក្នុងពេលធ្វើបាតុកម្ម ប៉ុន្តែបានពាក់ម៉ាស់ការពារទាំងអស់គ្នា ។
ប្រេស៊ីលបានប្រឈមការធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្នុងរលកកូវីដ-១៩ លើកទី៣កំពុងតែវាយប្រហារប្រទេសនេះ។ ក្រសួងសុខាភិបាលប្រទេសនេះបានប្រកាសថា មានករណីឆ្លងកូវីដ-១៩ ថ្មីកើនឡើងដល់ទៅជិត ៨ម៉ឺននាក់ និងស្លាប់ជាង ២ពាន់នាក់ ក្នុងថ្ងៃទី ២៩ ខែឧសភា ។ សរុបទូទាំងប្រទេស មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ១៦លាននាក់និងស្លាប់ជាង៤៦០ពាន់នាក់ ។
ក្នុងចំណោមពលរដ្ឋប្រេស៊ីលជាង២១០ លាននាក់ ទើបតែមានជាង ១៩ លាននាក់ប៉ុណ្ណោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ប្រធានាធិបតីប្រេស៊ីលរងការរិះគន់យ៉ាងខ្លាំងនាពេលកន្លងមក ដោយលោកចាត់ទុកថាជា ជំងឺផ្តាសាយធម្មតា ។ ក្រុមបាតុករបានថ្កោលទោសប្រធានាធិបតី ថាបានបង្កឲ្យមានមនុស្សជាច្រើនស្លាប់ ៕ដោយ៖ធីរីណា
រូបភាព៖Reuters +AP