ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំបំពានការសាងសង់សំណង់ផ្សេងៗរំលោភលើដីសាធារណ:និងត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នាទើបក្នុងក្រុងស្វាយរៀងមានសោភណ្ឌភាព សណ្តាប់ធ្នាប់ល្អ។
ការអំពាវនាវបែបនេះរបស់លោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុង ធ្វើឡើងនៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១ ក្នុងការចុះពិនិត្យការសាងសង់សំណង់របស់ប្រជាពលរដ្ឋក្នុង ភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។
ការចុះពិនិត្យសំណង់នេះមានការចូលរួមពីលោក ញឹម សាំ ចៅសង្កាត់ចេកមន្ត្រីភូមិបាលក្រុងនិងមន្ត្រីដែលពាក់ព័ន្ធព្រមទាំងម្ចាស់សំណង់ផងដែរ។
លោកបានបន្តថា មុននឹងសាងសង់សំណង់ផ្សេងៗសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋអញ្ជើញមកស្នើរសុំច្បាប់អនុញ្ញាតនៅច្រក ចេញ-ចូល តែមួយ នៅសាលាក្រុងស្វាយរៀង ដើម្បីបងប្អូនទទួលបាននូវការប្រឹក្សាយោបល់ពីមន្ត្រីជំនាញដើម្បីធានាថាសំណង់បងប្អូនស្របច្បាប់ហើយមិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនទៅថ្ងៃក្រោយ។
លោកបន្ថែមថា ចុះមកថ្ងៃនេះក្នុងនាមរដ្ឋបាលក្រុងស្វាយរៀងសូមថ្លែងអរគុណចំពោះបងប្អូនដែលព្រមទទួលយកដំណោះស្រាយរបស់ក្រុមការងារយើងខ្ញុំហើយបានអនុវត្តភាពជាគំរូល្អដល់បងប្អូនដទៃទៀត ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ លើកកម្ពស់សោភណ្ឌភាព សណ្តាប់ធ្នាប់ នៅក្នុងក្រុងយើងខេត្តយើង ហើយសូមបងប្អូនបញ្ឈប់ការយកគំរូមិនល្អរបស់បងប្អូនមួយចំនួនហើយចង់បណ្តោយខ្លួនទៅធ្វើរឿងខុសតាមគេដែរ និងសូមយកភាពជាគំរូល្អហើយអនុវត្តឱ្យបានគ្រប់ៗគ្នាទើបជាពលរដ្ឋល្អក្នុងសង្គមជាតិ ក្រុមការងារយើងខ្ញុំអនុវត្តគឺដើម្បីការពារផលប្រយោជន៍បងប្អូន ហើយជួយបងប្អូនកុំឱ្យខុសកាន់តែធ្ងន់ យើងធ្វើដោយតម្លាភាព ស្មើភាពគ្នា ។
លោកបានបន្ថែមថា សូមបងប្អូនពុកម៉ែកុំភ្លេចអនុវត្តជាប្រចាំ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ខណៈជំងឺនេះបានឆ្លងចូលសហគមន៍របស់យើងហើយនិងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពិសេសបើមិនមានការចាំបាច់សូមកុំចេញពីផ្ទះឱ្យសោះ។
ដោយ៖ យឹម សុថាន