ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋាន ខេត្ត ស្វាយរៀង បានអញ្ជើញប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគារស្នាក់ការគណបក្សប្រជាជនខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែជេសដ្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២១ ។

  លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកគណបក្សប្រជាជនទូទាំងខេត្តស្វាយរៀងទាំងអស់។

       លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា៖ ជំហរបស់គណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសម្លេងគណបក្សមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្មដែល ធានាបាននិរន្តរភាព ក្នុងការគាំទ្រការបោះ ឆ្នោត និងបន្តឈ្នះឆ្នោត។ ទន្ទឹមនឹងនោះផងដែរយើងត្រូវយកចិត្តទុកដាក់ទៅលើយុវជន ហើយក៏ត្រូវតែនៅតែបន្តមើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិកបក្សទាំងអស់ មិនថាថ្មីឫចាស់ ដើម្បីរួមគ្នាស្រលាញ់គាំទ្រប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ឈ្នះឆ្នោតដ៍ច្រើនលើសលប់នាពេលខាងមុខ។

      លោកស្រីក៏បានអំពាវនាវដល់សមាជិក សមាជិការទាំងអស់គ្នា ត្រូវបង្កើនការយកចិត្តទុក្ខដាក់និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល បើទោះបីជាបានទទួលការវ៉ាក់សាំងរួចរាល់ហើយផងដែរ ស្របពេលដែលបច្ចុប្បន្ននេះកម្ពុជា កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២១ រកឃើញមានអ្នកវិជ្ជមានកូវីដ១៩ ០៣នាក់ នូវប្រភេទថ្មី B.1.617 ដែលជាប្រភេទវីរ៉ុសដែលចម្លងលឿន និងមានភាពស្រួចស្រាវនិងគ្រោះថ្នាក់បំផុត ។

      លោកស្រីកិត្តិសង្គហបណ្ឌិតក៏បានបានថ្លែងកោតសរសើរ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនទូទាំងខេត្តស្វាយរៀងសម្រេចបាន ទាំងការដោះស្រាយបញ្ហា បំពេញតម្រូវការ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរៀងៗខ្លួន ដែលជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិ បាលកម្ពុជា និងបន្តធ្វើឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីប្រមូលយកសមាណចិត្តប្រជាពលរដ្ឋ បោះឆ្នោតដោយក្តីស្រលាញ់ពេញចិត្តពេញថ្លើមជូនគណបក្សប្រជាជន ។  ជាពិសេស ថ្នាក់ដឹកនាំគ្រប់ថ្នាក់ បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រួមជាមួយនឹងការយកចិត្តទុក្ខដាក់លើការផ្ញត់ផ្គង់ស្បៀងជូនប្រជាពលរដ្ឋក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។  

    សូមបញ្ជាក់ថា៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ ។ យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវធ្វើឡើងជារៀងរាល់ ៥ឆ្នាំម្តង។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺជាការផ្ដល់អំណាចទៅដល់មូលដ្ឋានក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីការអភិវឌ្ឍនៅក្នុងមូលដ្ឋានដោយផ្ទាល់ ៕

ដោយ ៖ សំរិត


ចែករំលែក៖