ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញរកស៊ីដីឈ្មោះ សំរិទ្ធ មុនី និងបក្ខពួកចាក់ដីលុបយកប្រឡាយទឹកដែលជារបស់រដ្ឋនៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាល ៖ ឈ្មួញរកស៊ីដីដែលគេស្គាល់ឈ្មោះថា សំរិទ្ធ មុនី និងបក្ខពួក កំពុងដាក់គ្រឿងចក្រ និងរថយន្តដឹកដីជាច្រើនគ្រឿង ធ្វើសកម្មភាពចាក់ដីលុបប្រឡាយទឹកដែលជាកម្មសិទ្ធិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងគឃ្លើន ទោះបីជាអាជ្ញាធរហាមឃាត់ជាច្រើនដង ក៏មិនស្តាប់ដែរ មិនដឹងថាគេអាងអំណាចអ្វីឡើយ ។

   ប្រឡាយទឹកដែលត្រូវបានឈ្មោះ សំរិទ្ធ មុនី និងបក្ខពួកចាក់លុបនោះ ស្ថិតនៅភូមិអំពៅព្រៃ ភូមិប្រជុំអង្គ ឃុំជើងកើប ឃុំក ណ្តោក ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។

      តាមការឲ្យដឹងរបស់ប្រជាពលរដ្ឋបន្តថា សកម្មភាពនេះកើតឡើងជាច្រើនខែមកហើយ ធ្វើឱ្យពួកគាត់មានការខ្វះខាតទឹកនិងតម្រូវកាផ្សេងៗទៀតជាច្រើន ពីព្រោះប្រឡាយទឹកនេះមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ ដើម្បី បង្កបង្កើនផលដោយមួយរយៈនេះប្រឡាយទឹកត្រូវបានឈ្មួយមានលុយលុបជិតអស់ហើយ ។ ពួកគាត់បានទទូចស្នើដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយធ្វើអន្តរាគមន៍ដើម្បីបានប្រឡាយទឹកដូច ដើមវិញ និងផ្តន្ទាទោសឈ្មួញដែលព្រហើននេះតាមផ្លូវច្បាប់ផង ។

   ជុំវិញបញ្ហានេះដែរ លោក ប៉ាក់ រដ្ឋ ស្មៀនឃុំជើងកើបបានប្រាប់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះថា លោកបានទទួលព័ត៌មាននេះយូរហើយដែរ តែឈ្មោះ សំរិទ្ធ មុនី និងបក្ខពួកនោះនៅតែផ្គើនចាក់ដីលុបប្រឡាយដែលជា ប្រឡាយរបស់រដ្ឋ ។ កន្លងមកពេល ពួកគាត់ចុះទៅជាមួយអាជ្ញាធរឃុំ-ស្រុកហាមឃាត់ហើយនៅពួកគេលួចធ្វើសកម្មភាពដដែលទៀត ។ បញ្ហាការ ចាក់ដីនេះ អ្នកដែលប្តឹងគឺអាជ្ញាធរតែម្តង មិនមែនប្រជាពលរដ្ឋទេ ដែលប្រជាពលរដ្ឋរស់នៅលើប្រឡាយទឹកនោះ បានឃុបឃិតគ្នាជាមួយឈ្មួញលួចលក់ដីដោយគ្មានឱ្យអាជ្ញាធរដឹងឮទាល់តែសោះ។ 

    ជាមួយគ្នានេះ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងបានថ្លែងប្រាប់ថា មានបុគ្គលម្នាក់ដែលពេលនេះលោកបានបញ្ជាឱ្យឃុំធ្វើការងារនេះហើយ ដោយលោកនិយាយបាន បន្តិច លោកប្រាប់ថាកំពុងរវល់ក៏បិទទូរស័ព្ទទៅ ៕

ដោយ ៖ ស្អាងជ័យ


ចែករំលែក៖