អតីតស្នងការប៉ូលិសតួកគីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២១៧០ឆ្នាំ និងម្នាក់ទៀតជាប់ពន្ធនាគារ១៤០៦ឆ្នាំ ពីបទប៉ុនប៉ងវាយប្រហារក្លិបបាល់ទាត់នៅក្នុងប្រទេសនេះ។ ចាប់ពីឆ្នាំ២០១៦ មន្ត្រីតួកគី បានសើរើឡើងវិញ ករណីក្លិបបាល់ទាត់ CLB Fenerbahce (TP Istanbul) ដែលរងការចោទប្រកាន់ពីបទរៀបចំលទ្ធផលកាលពីឆ្នាំ២០១១។ ក្រុមរដ្ឋអាជ្ញាបានបង្ហាញពីការសង្ស័យមានចេតនាបំផ្លាញក្លិបបាល់ទាត់។
ក្រោយការស្រាវជ្រាវជាថ្មីឡើងវិញ ពាក់ព័ន្ធនឹងករណីស្រាវជ្រាវកាលពីឆ្នាំ២០១១ ទៅលើបុគ្គលមានទំនាក់ទំនងជាមួយមេដឹកនាំ Fethullah Gulen ជាបុគ្គលដែលរដ្ឋាភិបាល Ankara ចោទប្រកាន់ឈរពីក្រោយការធ្វើរដ្ឋប្រហារនៅខែកក្កដាឆ្នាំ ២០១៦ ហើយពេលនេះកំពុងរស់នៅសហរដ្ឋអាមេរិក។
មន្ត្រីតួកគីបានបង្ហាញការមន្ទិលសង្ស័យលើអ្នកដែលគាំទ្រលោក Gulen ថាបានជ្រៀតជ្រែកចូលស្ថាប័នច្បាប់និងប៉ូលិសប្រទេសនេះ ព្រមទាំងមានចេតនាបំផ្លាញក្លិប Fenerbahce ។
នៅថ្ងៃទី ៤ខែមិថុនា តុលាការទីក្រុង អុីស្តង់ប៊ូល បានប្រកាសដាក់ទោសអតីតស្នងការប៉ូលិស លោក Nazmi Ardic ជាប់គុក២១៧០ឆ្នាំ ពីបទក្លែងឯកសារ ប៉ុនប៉ងបំផ្លាញក្លិបកីឡា Fenerbahce និងបុគ្គលម្នាក់ទៀត គឺលោក Hidayet Karaca នាយកមជ្ឈមណ្ឌលព័ត៌មាន Samanyolu ដែលជាស្ថាប័នត្រូវរដ្ឋាភិបាលតួកគីបិទទ្វារ ត្រូវបានកាត់ទោសជាប់ពន្ធនាគារ១៤០៦ឆ្នាំ ពីបទលួចស្តាប់ទូរស័ព្ទនិងបន្លំឯកសារ។ ក្រៅពីនេះមន្ត្រីជនជាប់ចោទ២៥នាក់ផ្សេងទៀត ដែលពាក់ព័ន្ធករណីខាងលើក៏បានជាប់គុកផងដែរ៕ដោយ៖ ធីរីណា
រូបភាព៖ ANADOLU