ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យការដ្ឋានគម្រោងស្តារឡើងវិញទំនប់អាងទឹកចំការតែ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ កន្លងទៅ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ដែលជាប្រធានមុខព្រួញខេត្តកំពង់ស្ពឺ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យការដ្ឋានគម្រោងស្តារឡើងវិញទំនប់អាងទឹកចំការតែ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ កន្លងទៅ ។

សូមជម្រាប​ជូនថា, ទំនប់អាងទឹកចំការតែ មាន​ទីតាំង​ស្ថិត​នៅលើខ្នងភ្នំគិរីរម្យ​ ដែល​មានកម្រិតរក្សាទឹកអតិបរមាប្រមាណ ០៧​ លានម៉ែត្រគូបនេះ បានទទួលរងនូវជំនន់ទឹកភ្លៀងហូរបាក់ដាច់ត្រង់ចំណុចសំណង់ខ្នងទំនប់ចាស់ដែលបានបន្សល់ទុកតាំងពីសម័យសង្គម និងដោយសាររងឥទ្ធិពលពីព្យុះបានកើតមានបន្តបន្ទាប់ រួម​ជាមួយ​បរិមាណទឹកភ្លៀងធ្លាក់ដ៏ច្រើនលើសលប់កាលពីកំឡុងខែតុលា ឆ្នាំ២០២០ , នាពេលភ្លាមៗនោះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអន្តរាគមន៍ជួសជុលជាបន្ទាន់ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន ។ នៅដើមឆ្នាំ​២០២១​ នេះ ក្រសួងបានធ្វើការជួសជុលកែរលម្អសំណង់ចាស់ និងកសាងសំណង់ថ្មី ជាបេតុងអាមេបន្ថែម ដែលទើបសាងសង់រួចនាពេលនេះ រួមមានទំហំការងារ ៖
– ស្តារឡើងវិញទំនប់ប្រវែង៨០ម៉ែត្រ ជើងទេរទំនប់ប្រវែង ១២០ ម៉ែត្រ
– សាងសង់សំណង់ស្នូលបេតុង ០១កន្លែង
– សាងសង់សំណង់លូជ្រុង(ទ្វារ២) ០១កន្លែង
– ជួសជុលកន្ទុយសំណង់បង្ហៀរ ០១កន្លែង
– ជួសជុលសំណង់បង្ហៀរ ០១កន្លែង ។

ក្នុងដំណើរបេសកកម្មចុះពិនិត្យការងារនាព្រឹកនេះ លោករដ្ឋមន្រ្តីបានធ្វើការកោតសរសើរដល់ក្រុមការងារបច្ចេកទេសក្រសួងដែលបានខិតខំបំពេញកិច្ចការងារទោះជួបឧបសគ្គ​ និងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល ការ​ផ្តត់ផ្គង់ទឹក​សម្រាប់​ប្រេីប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងរមណីយដ្ឋានទេសចរណ៍នានាក្នុងតំបន់ផងដែរ​ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖