ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! អាជ្ញាធរចិន​ អនុម័តប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 ក្រុមហ៊ុន Sinovac​ ទៅលើកុមារ និងមនុស្សវ័យជំទង់អាយុចន្លោះពី ៣ឆ្នាំ ដល់១៧ឆ្នាំ

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការបញ្ជាក់របស់លោក យិន វៃតុង (Yin Weidong) ប្រធានក្រុមហ៊ុន Sinovac ប្រាប់ទូរទស្សន៍រដ្ឋចិនកាលពីយប់ថ្ងៃសុក្រ និងត្រូវបានដកស្រង់ចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១នេះថា៖​ អាជ្ញាធរចិន​ បានអនុម័តប្រើប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Sinovac ក្នុងករណីបន្ទាន់ហើយទៅលើកុមារ និងមនុស្សវ័យជំទង់អាយុចន្លោះពី ៣ឆ្នាំ ដល់ ១៧ឆ្នាំ។

លោក Yin Weidong បន្តថា​ សម្រាប់ពេលវេលាកំណត់ ដែលអាចចាប់ផ្តើមប្រើប្រាស់ វ៉ាក់សាំង Sinovac ទៅលើក្រុមមនុស្សអាយុ ៣ឆ្នាំ ដល់ ១៧ឆ្នាំ ខាងលើនេះបាន គឺអាស្រ័យទៅលើការអនុញ្ញាតពីអាជ្ញាធរចិន ដោយសមស្របទៅតាមយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំង។

បន្ថែមពីនេះ​ លោក Yin បានសង្កត់ធ្ងន់ទៀតថា មនុស្សវ័យចំណាស់មានអាទិភាពជាងក្មេងៗ ក្នុងការទទួលបានវ៉ាក់សាំង COVID-19 ព្រោះមនុស្សវ័យចំណាស់ងាយធ្លាក់ខ្លួនឈឺធ្ងន់ នៅក្រោយឆ្លងជំងឺនេះ។គួរបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ប្រទេសចិន​ បានចាក់វ៉ាក់សាំងសរុបជាង ៧២៣.៥លានដូសរួចហើយ ជូនដល់ប្រជាជនរបស់ខ្លួន ដែលជាចំនួនច្រើនជាងគេបំផុតនៅក្នុងលោក។ ទោះបីជាយ៉ាងណា កន្លងមកនេះវ៉ាក់សាំងនានានៅប្រទេសចិន ត្រូវបានអនុញ្ញាតឲ្យចាក់តែទៅលើមនុស្សអាយុ ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ៕ដោយ​៖ស​ តារា​

រូបភាព​៖Reuters


ចែករំលែក៖