ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​មួយយប់សោះ​! ពូជត្រី​មេ​ចម្រុះ​ ងាប់​ជិត​១០០​គីឡូក្រាម​ នៅក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង​

ចែករំលែក៖

ខេត្តសៀមរាប៖ ដោយសា​រតែ​ទឹក​នៅក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង​​រីងស្ងួត​លឿន​ពេក នារដូវប្រាំងផងនោះ​ បានធ្វេីឲ្យ​ពូជត្រីមេ​ចម្រុះ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង​ ក្នុង​រយៈពេល​តែមួយយប់ប៉ុណ្ណោះ​ បាន​ងាប់​ក្នុង​មួយ​យប់​ជិត​១០០​គីឡូក្រាម។

បេីតាមប្រធាន​សហគមន៍​បឹង​ពារាំង​ លោក គង់ មង្គល​ បានថ្លែងថា​ ពូជត្រីមេ​នៅក្នុង​បឹង​ពារាំង​ ចាប់ផ្តើម​ងាប់​អស់រយៈពេល​ ២​យប់​មក​ហើយ គឺចាប់ពីថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែមិថុនាថ្មីៗនេះ មាន​ងាប់​តិចតួច​តែ​យប់​ថ្ងៃ​ទី​៤ ខែមិថុនា​ម្សិលមិញនេះ ងាប់​រហូត​ជិត​១០០​គីឡូក្រាម​ឯណោះ​ក្នុង​មួយ​យប់​ត្រី​ងាប់​ជាង​៥០​ក្បាល​ស្មើ​ជាង​៧០​គីឡូក្រាម ។

ប្រធាន​សហគមន៍​រូបនេះ​ បន្ត​ថា ការ​ដែល​ធ្វើ​ឱ្យ​ត្រី​មេ​ពូជ​ចម្រុះ​ងាប់​លឿន​បែប​នេះ ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ​ខ្លាំង​ធ្វើ​ឱ្យ​ទឹក​រីង​ហួត​លឿន។​ ហើយ​ដើម្បី​ជួយ​សង្គ្រោះ​បឋម​ដល់​ត្រី​ទាំងអស់នេះ​ យើង​កំពុង​តែ​វិធី​បូមទឹក​ពី​ស្រះ​ដែល​ទើប​ជីក រួច​បញ្ចូល​មក​វិញ ហើយ​បើ​ជួយ​មិន​បាន​ទៀត នឹង​សុំ​គោលការណ៍​ពី​សាលាក្រុង ប្រើ​រថយន្ត​ដឹក​ទឹក​យក​ទៅ​បាញ់​បញ្ចូល​ថែម​ទៀត​ប៉ុណ្ណោះ។

បន្ថែមពីនេះ​ លោក បន្តទៀតថា សហគមន៍​បឹង​ពារាំង​កន្លង​មក​ បាន​ស្នើ​សុំ​ខេត្ត និង​ក្រសួង​ជីក​ជា​ស្រះ​ក្នុង​បឹង​នេះ ដើម្បី​រក្សា​ទឹក​ទុក​ក្នុង​ការ​អភិរក្ស​ត្រី​មេ​ពូជ ប៉ុន្តែ​ដោយសារ​លិខិត​ដឹក​ជញ្ជូន​អាចម៍ដី ចេញ​មានការ​យឺតយ៉ាវ​ទើប​មិន​អាច​បន្ត​ជីក​ទៀត​បាន ទេីប​ខ្វះ​ទឹក​ក្នុង​ការ​សង្គ្រោះ​ត្រី​បែប​នេះ។​ ហើយ​ប្រសិនបើ​នៅ​តែ​បែប​នេះ​ត្រី​មេ​ពូជ និង​ហ្វូង​សត្វ​ស្លាប​ទឹក​អាច​បន្ត​ងាប់​ថែម​ទៀត​ជាក់​ជា​មិន​ខាន ។ តែ​លោក​រំពឹង​ថា ថ្នាក់ដឹកនាំ​ខេត្ត​នឹង​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​ផ្តល់​លិខិត​ដឹក​អាចម៍ដី​ចេញ ដើម្បី​បាន​ជីក​ស្តា​របឹង​នេះ​បន្ត​ទៀត ។

ដោយឡែក​ពាក់ព័ន្ធ​ករណីខាងលេីនេះ​ នាយ​រង​ទទួល​រួម​ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀស​ លោក ពត វណ្ណ​ដេ​ត ក៏បានបញ្ជាក់ដែរ​ថា ករណី​ពូជត្រីមេងាប់​ជាច្រើន​នេះ​ ​​​នៅក្នុងទឹក​បឹង​ពារាំង​ លោក​កំពុង​សហការ​ជាមួយ​សហគមន៍ ធ្វើ​ការ​បូមទឹក​ពី​ក្នុង​ស្រះ​បញ្ចូល ដើម្បី​ជួយ​សង្គ្រោះ​បឋម។​ បន្ថែមពីនេះ​ លោកថា​ ចំណែក​ករណី​ជួយ​មិន​បាន (​ខ្វះ​ទឹក​) នោះ​នឹង​សុំ​គោល​ការ​ពី​សាលាក្រុង ដេីម្បីប្រើប្រាស់​រថយន្ត​ដឹក​ទឹក​យក​ទៅ​បញ្ចូល​ថែម​ទៀត។ បើ​មិន​ចឹ​ង​ទេ ពូជត្រីមេ​​អាច​ងាប់​បន្ត​រហូត​អស់ពី​បឹង​ក៏​ថា​បាន៕

ដោយ​៖សហការី​


ចែករំលែក៖