ភ្នំពេញ ៖ គួរឲ្យរន្ធត់ខ្លាំងណាស់ ខណៈដែលបុរសជាប្ដីម្នាក់បានជិះម៉ូតូឌុបប្រពន្ធក្នុងល្បឿនលឿនហេីយដួលបោកនឹងថ្នល់ត្រូវរថយន្តធុនធំកិនចំក្បាល បណ្តាលឱ្យប្តីស្លាប់ភ្លាមៗនៅនឹងកន្លែង ឯស្រី្តជាប្រពន្ធរងបួសស្រាល។ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៥៥នាទីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
សពជនរងគ្រោះមានឈ្មោះ កែន សារ៉ុម ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយជ្រំខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Hino ធុនធំមួយគ្រឿង ក្បាលពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-6917 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវលំក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម រួចបានបត់ស្តាំឡើងទៅផ្លូវជាតិលេខ១ហើយបត់ទៅខាងលិចវិញ ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូម៉ាក Honda Scoopy មួយគ្រឿទៀត ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GB-5948 ជិះពីរនាក់ប្តីប្រពន្ធ ដោយប្តីជាអ្នកបើកម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហេីយមិនដឹងយ៉ាងម៉េចក៏ស្រាប់តែដួលបោកនឹងថ្នល់ជាតិខ្ទាតចូលក្រោមកង់រថយន្តធុនធំនោះកិនចំក្បាលបណ្តាលឱ្យបុរសជាប្តីស្លាប់ភ្លាមៗនៅនឹងកន្លែង ឯស្រី្តជាប្រពន្ធរងបួសស្រាល។ ចំណែកម៉ូតូរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោគ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯសព សមត្ថកិច្ចបានធ្វេីកំណត់ហេតុរួចរាល់ ក៏ប្រគល់សពឱ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ