ព័ត៌មានទាន់ហេតុការណ៍៖

ខាត់ សុឃីម បង្ហើបរឿងគម្រោងឲ្យកូនស្រីចូលរួមប្រកួតកញ្ញាឯកនៅពេលពេញវ័យ

ចែករំលែក៖

     ភ្នំពេញ៖ ជាច្រើនឆ្នាំចុងក្រោយនេះ មហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលនាងបានក្លាយជាតារាល្បីនាំមុខគេម្នាក់ក្នុងចំណោមតារាល្បីៗនៅកម្ពុជាមួយចំនួន ដែលបានខិតខំដុតដៃដុតជើងជួយចែករំលែក គាំទ្របំផុសគំនិតទៅកាន់មហាជនបន្ថែមឲ្យងាកមកចាប់អារម្មណ៍លើវិស័យកញ្ញាឯកនៅកម្ពុជា។ គេក៏កក់សម្គាល់ដែរថា នាងតែងតែធ្វើការចែករំលែក លើកទឹកចិត្តទៅកាន់បេក្ខភាពកញ្ញាឯកកម្ពុជាជានិច្ច ដែលសូម្បីតែ Profile នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងក៏បានដាក់ភ្ជាប់ជាមួយនឹងកញ្ញាឯកផងដែរ ពិសេសថ្មីៗនេះក្រោយពីកញ្ញារ៉េត សារីតា កញ្ញាឯកចក្រវាឡកម្ពុជាបានចាកចេញពីមាតុភូមិទៅចូលរួមប្រកួតលើឆាកអន្តរជាតិនៅសហរដ្ឋអាមេរិកនោះ។នាងបញ្ជាក់ថាព្រោះតែកញ្ញាឯកមិនត្រឹមតែអាចនាំយកសម្រស់នារីកម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេគឺថែមទាំងអាចយកសិល្បៈវប្បធម៌ខ្មែរឲ្យពិភពលោកបានស្គាល់ថែមទៀតផង។ នាងថា វាគឺជាឱកាសបញ្ជាក់ថាសិល្បៈវប្បធម៌ដែលបានបង្ហាញគឺជារបស់ខ្មែរ មិនមែនរបស់ជាតិសាសន៍ដទៃទេ។ នាងថាពិភពលោកនឹងស្គាល់កម្ពុជាកាន់តែច្រើន ពិសេសពីសមត្ថភាពរបស់ស្ត្រីខ្មែរ ហើយនាងរំពឹងថាប្រជាជនខ្មែរទាំងអស់នឹងរួមគ្នាចែករំលែក លើកទឹកចិត្តដល់ពួកគាត់លើឆាកអន្តរជាតិផងដែរ។ អ្នកនាងបង្ហើបដែរថា នាងនិឹងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្តតែម្នាក់របស់នាងឲ្យចូលរួមប្រកួតក្នុងកម្មវិធីសម្រស់នៅពេលពេញវ័យ បើទោះបីជាលទ្ធផលយ៉ាងណាក៏ដោយក៏នាងនឹងជួយជ្រោមជ្រែងឲ្យអស់ពីលទ្ធភាព។ នាងថា ដោយសារម្តាយមានបេះដូងជាអ្នកសិល្បៈ ហើយបានបង្ហាញត្រឹមក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែនាងចង់ឲ្យសមត្ថភាពកូនអាចឈរជើងលើឆាកអន្តរជាតិនៅថ្ងៃណាមួយ ហើយមានតែកម្មវីធីប្រកួតសម្រស់នេះទេដែលជាឱកាសបង្ហាញសមត្ថភាព ទេពកោសល្យ និងរូបសម្រស់បាន។ អ្នកនាងថាកូនទាំងពីររបស់នាងគឺមានដុងលើវិស័យសិល្បៈច្រើន ពិសេសផ្នែកតន្ត្រីបុរាណ-សម័យ ប៉ុន្តែនាងនៅមិនទាន់ឲ្យពួកគាត់រៀនជ្រៅពីវានៅឡើយ ព្រោះនាងចង់ឲ្យកូនផ្តោតទៅលើការសិក្សាមួយមុខសិន ដល់ពេញវ័យនាងនឹងជំរុញមិនឲ្យខានឡើយ។ កូនប្រុសរបស់នាងឆ្នាំនេះមានវ័យ១៥ឆ្នាំសិក្សានៅសាលាប៊ែលធី ខណៈដែលកូននាងឈ្មោះស្អាតមានវ័យជាង៧ ឆ្នាំ សិក្សាថ្នាក់ទី២ ដែលរៀនទាំងភាសាខ្មែរ អង់គ្លេស និងចិន ។ នាងថានាងចង់ឲ្យកូនៗរៀនបានខ្ពង់ខ្ពស់ព្រោះមានតែចំណេះដឹងទេដែលអាចនាំពួកគេឲ្យមានអនាគតល្អ។

  គួរបញ្ជាក់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកញ្ញាឯកនៅកម្ពុជាហាក់ទទួលបានការគាំទ្រច្រើន និងបានចូលរួមលើកមុខមាត់ជាតិលើឆាកប្រកួតទ្រង់ទ្រាយធំៗជាច្រើនក្រោយពីកម្ពុជាបានបញ្ជូនបេក្ខភាពបេក្ខនារីដែលមានទាំងរូបសម្រស់ និងសមត្ថភាពចូលរួមប្រកួត។ ក្រៅពីពីរ៉េត សារីតា ដែលបានត្រៀមឡើងឆាកប្រកួតនៅលើទឹកដីនៃសហរដ្ឋអាមេរិកនេះ នៅមានបេក្ខភាពបេក្ខនារីពីកម្ពុជា៣រូបផ្សេងទៀតក៏នឹងត្រៀមបង្ហាញមុខលើឆាកអន្តរជាតិនៅចុងឆ្នាំ ២០២១នេះដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖