ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនមិនស្តាប់បញ្ជារបស់មន្រ្តីចរាចរណ៍បុករងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីនគរបាលស្រុកស្វាយទាបអនុវត្តច្បាប់ចរាចរណ៍ម្នាក់រងរបួសធ្ងន់បាក់ភ្លៅបន្ទាប់ពីត្រូវម៉ូតូមួយគ្រឿងជិះគ្នាប្រុសស្រី២នាក់ទៀតប្រើប្រាស់ល្បឿនលឿនមិនស្តាប់បញ្ជារបស់មន្រ្តីចរាចរណ៍បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១ នៅ ចន្លោះគីឡូម៉ែត្រលេខ១៣៦និង១៣៧  ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

នគរបាលស្រុកស្វាយទាបបានអោយដឹងថាមន្ត្រីនគរបាលរងរបួសមានឈ្មោះពេជ្រ សោភា  អាយុ៥១ឆ្នាំ មុខរបរនគរបាល រស់នៅភូមិស្វាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកភាគីម៉ូតូមានឈ្មោះខ្លូត ណេ  អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករនិងមានអ្នករួមដំណើរមួយនាក់ ឈ្មោះ ស៊ុន ស្រីនីន ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសាក្សីបានអោយដឹងថាមុនដំបូងមានប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ZUSUKI NEX ពណ៌ខ្មៅ  ពាក់ស្លាកលេខ ស្វាយរៀង១Q៤០២១ ក្នុង ទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំនុចកើតហេតុខាងលើ បានទៅបុកមន្រ្តីកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក យ៉ាងពេញទំហឹងទាប បណ្ដាលអោយរងរបួសធ្ងន់(បាក់កជើងខាងស្តាំ)ត្រូវបានបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្វាយទាបចំណែកភាគីម៉ូតូរងរបួសស្រាលទាំង២នាក់។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងនិងអូសយក មធ្យោបាយធ្វើដំណើរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយតាមច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដោយសារតែ អ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនមិនស្តាប់បញ្ជារបស់មន្រ្តីចរាចរណ៍ទើបមានករណីខាងលើកើតឡើងបែបនេះ៕

ដោយ៖យឹម សុថាន


ចែករំលែក៖