ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យនិងព្យបាលបន្ទប់ថែទាំជំងឺ បរិញ្ញាបត្ររង គិលានុបដ្ឋាក ញឹម សុខណា សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ព្រោះមានអ្នកជំងឺកូវីដ-១៩ចូលទៅព្យាបាលនៅទីតាំងខាងលើនេះ។
រដ្ឋបាលខេត្តបញ្ជាក់ថាដោយអ្នកជំងឺកូវីដ-១៩ជាស្រ្តីមានឈ្មោះ ចាប ថាក់ អាយុ ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំគ្រួស ស្រុកស្វាយជ្រំបានទៅពិនិត្យនិងព្យបាលបន្ទប់ថែទាំជំងឺ បរិញ្ញាបត្ររង គិលានុបដ្ឋាក ញឹម សុខណា រស់នៅភូមិចំបក់ ឃុំគ្រួស ស្រុកស្វាយជ្រំ គិតចាប់ពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុន សែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕
ដោយ៖ យឹម សុថាន