តំណាងរាស្ត្របូឡាវី បានវាយតប់គ្នានៅក្នុងកិច្ចប្រជុំសភា ដោយសារតែការលើកឡើងពីគោលនយោបាយមិនចុះសម្រុងគ្នា ពិសេសគឺការឃុំខ្លួនលោកស្រី Jeanine Anez ដែលជាអតីតប្រធានាធិបតីប្រទេសនេះ ។
ភាពចលាចលកើតឡើងនៅក្នុងកិច្ចប្រជុំសភាBolivia កាលពីថ្ងៃទី ៨ខែមិថុនា(ពេលវេលាក្នុងតំបន់) កិច្ចប្រជុំកានតែកើនកម្តៅ ហើយ តំណាងរាស្ត្រ Antonio Colque របស់គណបក្ស Movimiento al Socialismo (MAS) និងតំណាងរាស្ត្រ Henry Montero មកពីគណបក្ស Creemos ដែលជាគណបក្សប្រឆាំង។ តំណាងរាស្ត្រទាំងពីរបានឈានដល់ការប្រើកណ្តាប់ដៃ«ជជែកគ្នា» បើទោះបីមានការខិតខំរារាំងពីតំណាងរាស្ត្រផ្សេងទៀតក្តី។
ក្នុងពេលនោះដែរ បណ្តា តំណាងរាស្ត្រផ្សេងទៀតបានព្យាយាមបំបែក Monteroនិង Colque ។ ជាមួយគ្នានេះដែរតំណាងរាស្ត្រស្ត្រីពីររូប គឺលោកស្រី Tatiana Anez មកពីគណបក្ស Creemos និងលោកស្រី Maria Alanoca មកពីគណបក្ស MAS ក៏បានប្រតាយប្រតប់គ្នា បោចសក់គ្នាទៅវិញទៅមកផងដែរ។
វិវាទកើតចេញពីការឃុំខ្លួនអតីតប្រធានាធិបតី Jeanine Anez ដែលបានកាន់តំណែងប្រធានាធិបតីបណ្តោះអាសន្ននៅខែវិច្ឆិកាឆ្នាំ២០១៩ ក្រោយពេលប្រធានាធិបតី Evo Morales និងមន្ត្រីរដ្ឋាភិបាលលាលែងចេញពីតំណែងហើយចាកចេញពីប្រទេសបូឡាវី។
ក្រោយភៀសខ្លួនទៅកាន់ប្រទេសម៉ិចស៊ីកូ លោក Morales បានចោទប្រកាន់លោកស្រី Anez ដឹកនាំធ្វើរដ្ឋប្រហារផ្តួលរំលំលោក។ ក្រោយរយៈពេល១១ខែឡើងកាន់អំណាច លោកស្រី Anez បានបាត់បង់តំណែងក្នុងការបោះឆ្នោតកាលពីខែតុលាឆ្នាំ២០២០ ក្រោយគណបក្ស MAS របស់លោក Morales ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ។ ក្រោយមកលោកស្រី Anez ត្រូវបានចាប់ឃុំខ្លួន៕ដោយ៖ធីរីណា
រូបភាព៖tintun7s