ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយកើតឡើងបណ្តាលឆាបឆេះឃ្លាំងស្តុកគ្រឿងអគ្គិសនីបណ្តាលឲ្យខូចខាតសម្ភារអស់ទាំងស្រុង នាវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចឃ្លាំងលេខ២២៩ ផ្លូវបេតុង ក្រុមទី៣ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមសម្តីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឃ្លាំងស្តុកគ្រឿងអគ្គិសនីមានម្ចាស់ឈ្មោះ លី ប៉ាវ ភេទប្រុស អាយុ៤៥ឆ្នាំ ហើយមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ គឺដោយសារឆ្លងចរន្តអគ្គិសនី ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងទៀតថា នៅក្នុងហេតុការណ៍មួយនេះបានបំផ្លាញផ្ទះថ្មបេតុងប្រក់សង័្កសី ដែលមានទំហំ ១០ម៉ែត្រគុណ១២ម៉ែត្រ និងឆេះគ្រឿងអគ្គិសនីក្នុងឃ្លាំងអស់ទាំងស្រុង តែពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន១៥រឿង ប្រើប្រាស់ទឹកអស់៣០ឡាន ស្មើ កែរួច,១២០ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើ ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុងនៅម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ៕
ដោយ៖ជ្រោយពេជ្រ