ក្លិប Paris Saint-Germain បានបន្តបង្កើតការចុះកុងត្រាក្នុងទីផ្សារដោះដូរកីឡាករជាមួយនឹងការចុះហត្ថលេខាលើកីឡាករ GianluigiDonnarumma ដែលជាកីឡាករឆ្នើមនៃការប្រកួតនៅEuro ២០២០។ នេះបើយោងតាមការបញ្ជាក់របស់ក្លិប PSG នៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួន។
Donnarumma ចូលរួមជាមួយកីឡាករ Georginio Wijnaldum, AchrafHakimi និង Sergio Ramos ដែលទាំងអស់គ្នាបានមកដល់ក្លិប Paris Saint-Germain នៅរដូវក្តៅនេះ ខណៈដែល PSG សម្លឹងរកការឈ្នះពាន Champions League ម្តងទៀតនៅរដូវកាលក្រោយនេះ។
Donnarumma មកដល់ PSG ក្នុងការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ AC Milan បានផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនាដោយកីឡាករសញ្ជាតិអុីតាលីរូបនេះបានបដិសេធការផ្តល់ជូនបន្តពី AC Milan និងបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយ PSG ។
Donnarumma បាននិយាយថា “ខ្ញុំមានអារម្មណ៍ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកបញ្ហាប្រឈមថ្មីនេះហើយបន្តកែលម្អនៅទីនេះ”។
ការមកដល់របស់ Donnarumma នៅ PSG បង្ហាញពីបញ្ហាសម្រាប់អ្នកចាំទី Keylor Navas ដែលជាជម្រើសដំបូងរហូតមកដល់ពេលនេះហើយនៅអាយុ២២ឆ្នាំកីឡាករជនជាតិអុីតាលីរូបនេះហាក់ដូចជាមានកិច្ចសន្យាយូរអង្វែងជាង Keylor Navas ផងដែរ ៕
ដោយ៖ ភារៈ(រូបថត ៖ PSG Website)