ភ្នំពេញ៖ បេីតាមមជ្ឈមណ្ឌលអង្គការដើម្បីអភិរក្សជីវៈចម្រុះ បានឱ្យដឹងថា យោងតាមការសិក្សាជាច្រើន បានបង្ហាញថា ត្រីឆ្លាម និងត្រីបបែលដែលអាចមានចំនួនទៅដល់ ២៧៣លានក្បាល ត្រូវបានគេសម្លាប់ក្នុងមួយឆ្នាំៗដើម្បីផ្គត់ផ្គង់ដល់ផលិតផលនានាមានដូចជាការសម្លាប់យក ព្រុយ ឆ្អឹងខ្ចី សាច់ជាប់ខ្លាញ់ និងថ្លើម។
អង្គការដដែល បន្តថា ការនេសាទហួសប្រមាណគឺជាការគំរាមកំហែងដ៏លើសលប់ ហើយចំនួនត្រីទាំងនោះរាប់សែនក្បាលត្រូវបានគេនេសាទយកផងដែរជារៀងរាល់ឆ្នាំ ដែលពួកគេមានគោលដៅនេសាទយកតែប្រភេទត្រីដែលរស់នៅតាមសមុទ្រធំៗប៉ុណ្ណោះ មានដូចជា៖ ត្រីធូណាជាដើម។
សូមជម្រាបថា នៅលើពិភពលោកនេះ គេបានរកឃើញនូវប្រភេទ ត្រីឆ្លាម ត្រីបបែល និងត្រីគីមេរ៉ា ជាង១.២៥០ប្រភេទ នៅតាមឆ្នេរសមុទ្រតាមមហា សមុទ្រ និងតាមប្រព័ន្ធទឹកសាបមួយចំនួនទៀតនៅទូទាំងពិភពលោក។ ជាមួយនឹងកំណត់ ត្រាហ្វូស៊ីលដែលមានអាយុកាលជាង៤០០លានឆ្នាំមុន បានបង្ហាញឱ្យដឹងថា ពួកវាមានអាយុវែងជាងសត្វដាយណូស័រទៅទៀត ក៏ប៉ុន្តែពួកវាកំពុងតែប្រឈមនឹង ការគំរាមកំហែងថ្មីៗជាច្រើន ដែលអាចនាំឱ្យពួកវាឈានទៅរកការវិនាសផុតពូជបាន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការនេសាទមួយចំនួនមានចេតនាស្វែងរកតែត្រីឆ្លាម ដើម្បីកាត់ ព្រុយរបស់ពួកវា ហើយនិងធ្វើពាណិជ្ជកម្មនាំចេញទៅប្រទេសនានាដូចជាប្រទេស ចិនជាដើម ដើម្បីផ្គត់ផ្គង់ដល់ពាណិជ្ជកម្មស៊ុបព្រុយត្រីឆ្លាម។ ចំពោះត្រីបបែលវិញ គេយកស្រកីរបស់វាធ្វើជាឳសថបុរាណ។ រឿងដែលគួរឱ្យសោកសង្រេងនោះគឺថា ក្នុងមួយឆ្នាំៗ គេបានសម្លាប់ត្រីឆ្លាមចំនួន ៧៣លានក្បាល ដើម្បីផ្គត់ផ្គង់ដល់តម្រូវ ការនេះ។
តើអ្នកមានធ្លាប់ដឹងដែរឬទេថា ប្រទេសកម្ពុជាយើងមានត្រីឆ្លាម និងត្រីបបែលចំនួន ១១ប្រភេទ ដែលកំពុងតែធ្លាក់ចុះដោយសារតែកត្តាគំរាមកំហែងបែបនេះ?
បន្ថែមពីនេះ អង្គការដើម្បីអភិរក្សជីវៈចម្រុះ បានឱ្យដឹងទៀតថា. យើងជាមនុស្សពឹងផ្អែកលើត្រីឆ្លាមទាំងនោះ ដោយសារតែ ពួកវាគ្រប់គ្រងនូវចំនួនរំពាតាំងពីធំរហូតដល់តូចប្រកបដោយប្រសិទ្ធភាព ដែលរំពា ទាំងនោះមានរប៉ាយរស់នៅពាសពេញសមុទ្រ ដោយជួយធ្វើឱ្យស្ថានប្រព័ន្ធ មហាសមុទ្រមានលំនឹងបាន។ បបែលគឺជាសត្វរំពាដែលអាស្រ័យនៅបាតសមុទ្រ ជាសត្វដែលស៊ីស្មៅតាមបាតសមុទ្រ និងជាសត្វដែលពូកែធ្វើទីជម្រក។
អង្គការមួយនេះ បន្ថែមទៀតថា ទោះបីជាមនុស្សគិតយ៉ាងណាក៏ដោយក៏ត្រីឆ្លាមនៅតែជា អ្នកទទួលខុសត្រូវលើការស្លាប់របស់មនុស្សជាមធ្យមមានចំនួន១០នាក់ក្នុងមួយឆ្នាំៗ។ បើប្រៀបធៀបវិញ មនុស្ស១នាក់ក្នុងចំណោមមនុស្ស៦៣នាក់បានស្លាប់ដោយសារ តែជំងឺផ្តាសាយធម្មតា ហើយមានតែ១នាក់ប៉ុណ្ណោះក្នុងចំណោមមនុស្ស ៣.៧០០.០០០នាក់ បានស្លាប់ដោយសារតែត្រីឆ្លាមខាំ។
គួរជម្រាបថា មានមនុស្សចំនួន ៥៩០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារការឆ្លងជំងឺឆ្កែឆ្កួតពីសត្វ ដែលក្នុងនោះ ៩៩% គឺបានឆ្លង ពីសត្វឆ្កែ។ ដូច្នេះតាមការពិតទៅ ការស្លាប់ដោយសារត្រីឆ្លាមខាំ គឺកម្រកើត មានណាស់។ គួរឱ្យរីករាយត្រេកអរផងដែរដែលឥរិយាបថអវិជ្ជមានចំពោះ ត្រីឆ្លាមក៏កំពុងតែមានការផ្លាស់ប្តូរហើយខណៈពេលដែលមានភ្ញៀងទេសចរចំនួន៦ សែននាក់ធ្វើដំណើរជុំវិញពិភពលោកជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកសត្វរំពាដ៏អស្ចារ្យ ទាំងនេះ។ ក្នុងមួយឆ្នាំៗ វិស័យទេសចរណ៍ត្រីឆ្លាមនេះរកចំណូលបាន ៣១៤ លានដុល្លារ ហើយគេប៉ាន់ប្រមាណថា ចំណូលនឹងកើនឡើងទ្វេដងក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ វិស័យអេកូទេសចរណ៍ត្រីឆ្លាមនេះរកចំណូលបានប្រកបដោយនិរន្តរភាព ទន្ទឹមនឹងវាជួយថែរក្សាការពារនូវប្រភេទសត្វនិងស្ថានប្រព័ន្ធរបស់ពួកវាពីមួយជំនាន់ ទៅមួយជំនាន់៕
ដោយ៖សហការី