ព័ត៌មានទាន់ហេតុការណ៍៖

ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Nazal Spray កំពុងផ្សព្វផ្សាយលក់ ឱសថ Spray NAZAL SATO គ្មានលេខបញ្ជីកាពីកសួងសុខាភិបាល។

ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាម ការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook មានគណនីឈ្មោះ Nazal Spray, កំពុង ផ្សព្វផ្សាយលក់ឱសថ Spray NAZAL SATO គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពី ក្រសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ ។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថ តម្រូវឱ្យរាល់ការចរាចរឱសថគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាត ពីក្រសួងសុខាភិបាល ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួង សុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថ គ្មាន លេខទិដ្ឋាការ ឬបញ្ចិកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលនេះគ្មានប្រភព ច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុក ខាងលើ ដែលផ្សព្វផ្សាយលក់ឱសថ Spray NAZAL SATO ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាងនៃក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦៦ ៤៤៦៕

ដោយ ៖ សិលា


ចែករំលែក៖