ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ក្រសួងទេសចរណ៍ បង្ហោះនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, រយៈពេលពីរថ្ងៃ ១៧-១៨ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៣,៤៨៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៦២,៣៩៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,០៩៤ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
– រាជធានីភ្នំពេញ៖ ១៨,៨៧៧ នាក់
-ខេត្តព្រះសីហនុ៖ ៧,៦៤៤ នាក់
– ខេត្តកំពត៖ ៧,៦៣២ នាក់
– ខេត្តបាត់ដំបង ៖ ៥,៤០០ នាក់
– ខេត្តកំពង់ស្ពឺ៖ ៤,៩៣៥ នាក់
– ខេត្តកណ្តាល៖ ៤,៨០៣ នាក់។
ផេកក្រសួងបានបន្តថា, ចំនួននេះមានការថយចុះប្រមាណ ៩.២២% ធៀបនឹងសប្តាហ៍កន្លងមក។ បើទោះបីចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានបន្តថយចុះក្នុងសប្តាហ៍នេះ ប៉ុន្តែគោលដៅទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង នៅតែទទួលបានចរន្តភ្ញៀវទេសចរគួរឲ្យកត់សម្គាល់។
ចរន្តភ្ញៀវទេសចរផ្សងព្រេងនេះ មិនត្រឹមតែរួមចំណែកបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈដំណើរកម្សាន្តដែលមានការទទួលខុសត្រូវ ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ៕
ដោយ ៖ សិលា