ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់ប្រធានមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ជលផលទឹកសាប លោក ថាច់ ផាណារ៉ា បានទទួលត្រីរាជចំនួន៥ក្បាល ពីគ្រួសាររស់នៅស្គន់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពុងស្វែងរកមធ្យោបាយ និងអ្នកជំនាញដើម្បីជួយពួកគាត់ លែងត្រីរាជចូលទៅក្នុងជម្រកធម្មជាតិវិញ។
ជាក់ស្ដែងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្មនៃរដ្ឋបាលជលផល កាលពីពេលថ្មីៗនេះ កសិករបានឮគម្រោងអភិរក្សត្រី ដែលកំពុងអនុវត្តដោយគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងមានក្តីសង្ឃឹមថាតាមរយៈគម្រោងនេះ នឹងអាចជួយគ្រួសារគាត់ ដឹកជញ្ជូនក្រុមត្រីរាជយកទៅព្រលែងក្នុងទន្លេមេគង្គដោយសុវត្ថិភាព។ ចំណែកកូនត្រីរាជ ទាំង៥ក្បាលដែលទទួលបានពីការបរិច្ចាគដោយកសិករមានប្រវែងចន្លោះពី១៤៧ ទៅ ១៦៨សង់ទីម៉ែត្រក្នុងមួយក្បាល និងមានទំងន់ពី៤៥ ទៅ៦០គីឡូក្រាមក្នុងមួយក្បាល។
ប្រធានមន្ទីរពិសោធន៍រូបនេះ បានបញ្ជាក់បន្ថែមថា យោងតាមការលើកឡើងរបស់កសិករបានរៀបរាប់ប្រាប់ថា៖ កាលពី១៣ឆ្នាំមុន គ្រួសារកសិករបានទិញកូនត្រីពីអ្នកនេសាទយកមកចិញ្ចឹមក្នុងស្រះ។ នៅពេលត្រី ធំល្មមតម្រូវការទីផ្សារ កសិករនឹងចាប់ត្រីទាំងអស់ពីក្នុងស្រះយកទៅលក់ ឬទុកខ្លះ សម្រាប់ធ្វើម្ហូបការបុណ្យតាមតែគេកម្ម៉ង់។ មានថ្ងៃមួយ ដល់រដូវកាលទិញកូនត្រី ប្រាធំយកមកដាក់ចិញ្ចឹមក្រុមគ្រួសាររបស់គាត់សំគាល់ឃើញកូនត្រីចំនួន៧ក្បាល គឺមានរូបរាងធំជាងគេ។ អ្នកនេសាទប្រាប់គ្រួសារកសិករថា ប្រហែលជាត្រីរាជ ប៉ុន្តែពួកគាត់ម្នាក់ៗគឺមិនច្បាស់ដូចគ្នា។
អ្នកនេសាទក៏ប្រាប់កសិករឱ្យយកទៅ ចិញ្ចឹមសាកមើលសិនទៅ ប្រហែលជាវាជាត្រីនាំសំណាងមកដល់គ្រួសារកសិករ។ ស្របតាមយោបល់អ្នកនេសាទ គ្រួសារកសិករក៏បានទិញ និងយកកូនត្រីទាំង អស់ពីអ្នកនេសាទ មកចិញ្ចឹមក្នុងស្រះ ដោយសន្មត ជាកូនត្រីប្រាធំ ។ កសិករតែង ផ្តល់ចំណីដែលផ្សំចេញពីផ្ទះបាយ លាយជាមួយចំណីគ្រាប់។ តាមការសង្កេតពី មួយថ្ងៃទៅមួយថ្ងៃ កូនត្រីដែលអ្នកនេសាទប្រាប់ថា អាចជាត្រីរាជបានលូតលាស់ មានខ្លួនធំចម្លែកខុសពីត្រីប្រា។
គ្រួសារកសិករមានស្រះចិញ្ចឹមត្រីចំនួន៣ ស្រះនីមួយៗមានប្រវែង១៥ម៉ែត្រ គុណនឹង២០ម៉ែត្រ។ ក្រោយពេលប្រមូលផលត្រីប្រាធំម្តងៗ កសិករតែចាប់ផ្ទេរ កូនត្រីរាជពីស្រះមួយទៅស្រះមួយ ដើម្បីរៀបចំស្រះអោយស្អាតមុនពេលដាក់កូនត្រី ចិញ្ចឹមសាជាថ្មី។ ជាអកុសល កាលពីប៉ុន្មានឆ្នាំកន្លងទៅ កូនត្រីរាជចំនួន២ក្បាល បានងាប់ ក្រោយពេលគ្រួសារកសិករសំអាតស្រះ បាចកំបោរ និងបញ្ចូលទឹកដើម្បី ដាក់កូនត្រីចិញ្ចឹមថ្មី។ គ្រួសារកសិករ ពិតជាសោកស្តាយខ្លាំងណាស់ចំពោះការងាប់ របស់កូនត្រីរាជទាំង២ក្បាលនេះ ដូចនេះ គ្រួសារកសិករបានជីកដីក្បែរស្រះ ហើយកប់សពត្រីរាជទាំងពីរក្បាលនោះ និងសូមបួងសួងសុំសេចក្តីសុខសប្បាយ។
គួរជម្រាបថា គ្រួសារកសិករ កាលពីឆ្នាំ២០២០កន្លងទៅ គាត់មានបំណងចង់ព្រលែងកូនត្រីរាជទាំង៥ក្បាល ដែលនៅសល់ក្នុងស្រះ ទៅក្នុងទន្លេមេគង្គវិញ ប៉ុន្តែពួកគាត់មិនដឹងថាគួរយក ទៅព្រលែងដោយវិធីណា ឬក៏ទំនាក់ទំនងទៅមន្ត្រីជំនាញឯណា ដើម្បីជួយពួកគាត់ ព្រលែងត្រីរាជទាំងអស់នេះ ទើបកសិកររក្សាទុកចិញ្ចឹមថែទាំបន្តទៀត។ នៅដើមខែមិថុនាឆ្នាំ២០២១ មានគេមកប្រាប់គ្រួសារកសិករពីគម្រោងអភិរក្សត្រី នៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងមន្ត្រីរដ្ឋបាលជលផលអាចជួយគាត់ យកត្រីនេះទៅព្រលែងក្នុងធម្មជាតិវិញ។ ក្រោយពេលទទួលដំណឹងនេះ ក្រុមគ្រួសារ កសិករក៏បានទំនាក់ទំនងមកលោក ផាណារ៉ា ដើម្បីជួយសម្រេចបំណងព្រលែង ត្រីរាជទៅកាន់ជម្រកធម្មជាតិវិញ។
ហើយមុនពេលចាប់ត្រីរាជ គ្រួសារកសិករបានអុចធូប បន់ស្រន់សុំសេចក្តីសុខដល់កូនត្រីរាជដែលផ្លាស់ចេញទៅនៅទីកន្លែងថ្មី និងក្រុម គ្រួសាររបស់គាត់។ បន្ទាប់ពីបន់ស្រន់ ទើបលោក ផាណារ៉ា និងអ្នកភូមិបានចុះចាប់ កូនត្រីរាជទាំង៥ក្បាលពីស្រះកសិករ ។ ដើម្បីដឹកជញ្ជូនកូនត្រីរាជរស់ទាំង៥ក្បាលនេះ លោកប្រធានមន្ទីរពិសោធន៍រូបនេះ ប្រើរថយន្តទ្រុងចំហក្រោយចំណុះ២,៥តោន ក្រាលតង់កៅស៊ូ ដាក់ទឹក បំពាក់ឧបករណ៍ខ្យល់អុកស៊ីសែន ពាក់ស្លាកសំគាល់ត្រីនីមួយៗ និងធ្វើ ដំណើរដោយប្រុងប្រយ័ត្នទៅស្ថានីយ៍ថែបំប៉នកូនត្រីអោយបានលឿនតាមដែលអាចធ្វើទៅបាន។
ក្រោយពេលទទួលបានកូនត្រីរាជ គម្រោងមានផែនការចិញ្ចឹម និងថែបំប៉នកូនត្រីរាជ ទាំង៥ក្បាលនេះសិន នៅក្នុងស្រះពិសោធន៍នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងស្រាវជ្រាវ វារីវប្បកម្មទឹកសាប ស្ថិតនៅភូមិបាទី ស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីរៀនសូត្រ ពីប្រភេទត្រីកម្រនេះ។ នៅពេលដែលកូនត្រីនេះលូតលាស់បានល្អ គម្រោងនឹងព្រលែងពួកវាទៅជម្រកធម្មជាតិរបស់ពួកវាវិញ៕
ដោយ៖សហការី