ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យហ្វីលីពីន៖​ ដើម្បីស្កាត់ការឆ្លងរាតត្បាតកូវីដី-១៩ បម្លែងថ្មី Delta នឹងហាមឃាត់អ្នកទេសចរមកពីប្រទេសម៉ាឡេស៊ី និងថៃ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពីលោក ហារី រ៉ូក (Harry Roque) អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានប្រកាសនៅថ្ងៃសុក្រនេះដែរថា៖ ប្រទេសហ្វីលីពីន ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសម្ថតភាពចម្លងលឿនរហ័ស និងងាយបង្កឱ្យអ្នកជំងឺឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត​ នឹងហាមឃាត់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលមកពីប្រទេសម៉ាឡេស៊ី និងថៃចូលមកកាន់ប្រទេសរបស់ខ្លួន។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាននិយាយបន្ថែមថា​៖​ លោក ហារី រ៉ូក បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយយ៉ាងដូច្នេះថា៖ ការរឹតត្បិតលើការធ្វើដំណើរខាងលើនេះ នឹងចូលជាធរមាននៅថ្ងៃទី២៥ ខែកក្កដា និងបន្តអនុវត្តរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ នាពេលកន្លងមកនេះ ប្រទេសហ្វីលីពីនក៏បានហាមឃាត់ អ្នកធ្វើដំណើរមកពីប្រទេសចំនួន ០៨ ក្នុងនោះរួមទាំងប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌាផងដែរ។

ដោយ​ឡែក​បើតាមគេហទំព័រ Worldometers​ បានបញ្ជាក់ថា​ ប្រទេសហ្វីលីពីន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៥៣លានករណី ក្នុងនោះមានអ្នកស្លាប់ ២៦,៩៨១នាក់ និងអ្នកជាសះស្បើយជាង ១.៤៥លាននាក់​ គិតត្រឹមថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា​ បច្ចុប្បន្ននេះ ប្រទេសហ្វីលីពីន ការឆ្លងរាតត្បាត COVID-19 នៅតែកំពុងស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ៕ដោយ​៖ស​ តារា​

រូបភាព​៖លោក Harry Roque (File photo)


ចែករំលែក៖