អន្តរជាតិ៖ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថាមពលមកពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬហៅកាត់ថា G20 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញពីវឌ្ឍនភាពតិចតួចស្តីពីវិធីសាស្ត្រ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះផ្សាយថា កិច្ចប្រជុំនៃក្រុមប្រទេស G20 ដែលបានធ្វើឡើងនៅទីក្រុង ណាផលស៍ (Naples) ប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍ទី២២ កក្កដាម្សិលមិញនេះ បានពិភាក្សាអំពីប្រធានបទជីវចម្រុះ និងបរិស្ថានធម្មជាតិ ខណៈបញ្ហាថាមពល និងការបម្រែបម្រួលអាកាសធាតុ នឹងស្ថិតក្នុងរបៀបវារៈសម្រាប់ថ្ងៃសុក្រនេះ។
ដោយឡែក ក្រុមអ្នកការទូត ក៏បានព្យាយាមអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដើម្បីស្វែងរកមូលដ្ឋានរួម ប្រកបដោយអត្ថន័យទៅលើប្រធានបទសំខាន់ៗទាំងពីរ។
ចំណែកប្រទេសអ៊ីតាលី ដែលកាន់តំណែងជាប្រធានក្រុមប្រទេស G20 នៅឆ្នាំ២០២១នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ សេចក្តីថ្លែងការណ៍ស្តីពីបរិស្ថានមួយត្រូវបានព្រមព្រៀងគ្នាហើយ ដែលនេះជា «សេចក្តីរីករាយដ៏អស្ចារ្យបំផុត» នៃក្រុមប្រទេសទាំង២០ បន្ទាប់ពី «ការចរចាអស់រយៈពេលជាច្រើនសប្តាហ៍ និងការប្រជុំអស់រយៈពេល ០២ថ្ងៃ»។
បេីតាមរដ្ឋមន្រ្តីក្រសួងបរិស្ថានអ៊ីតាលី លោក រ៉ូប៊ឺតូ ស៊ីងហ្គោឡានី (Roberto Cingolani) បានគូសបញ្ជាក់បន្ថែមថា៖ សេចក្ដីថ្លែងការណ៍ចំនួន ០៧ទំព័រខាងលើ រំលេចនូវប្រធានបទជាច្រើនរួមមាន សន្តិសុខស្បៀងអាហារ, ការប្រើប្រាស់ទឹក, ការទុកដាក់សំរាម, ការចំណាយប្រកបដោយនិរន្តរភាព និងវិធីអប់រំយុវជនឱ្យកាន់តែប្រសើរលើបញ្ហាអាកាសធាតុ។ រីឯសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រទី២៣ កក្កដានេះដែរ ត្រូវបានគេរំពឹងថា នឹងផ្តោតទៅលើការប្តេជ្ញាចិត្ត ចំពោះការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលទំនងជានឹងមានការប្រឈមកាន់តែខ្លាំង។
គួរជម្រាបថា កិច្ចប្រជុំនៃក្រុមប្រទេស G20 ត្រូវបានគេមើលឃើញថា ជាជំហានចំកណ្តាលដ៏សំខាន់មួយ នៅមុនពេលបើកកិច្ចប្រជុំស្ដីពី បញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោក ដែលត្រូវបានគេស្គាល់ថា COP 26 ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង ក្លាសហ្គោ (Glasgow) ចក្រភពអង់គ្លេស នៅខែវិច្ឆិកាខាងមុខនេះ៕ដោយ៖ស តារា
រូបថត៖ឯកសារ