ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅរដ្ឋធានីវ៉ាស៊ីនតោន ពលរដ្ឋរត់ចែកជើងគ្នា

ចែករំលែក៖

កម្លាំងប៉ូលិសទីក្រុងវ៉ាស៊ីនតោន បានប្រកាសឱ្យដឹងថា មានករណីបាញ់ប្រហារបណ្តាលឲ្យមនុស្ស ២នាក់រងរបួស និងធ្វើឲ្យដងផ្លូវដែលមានមនុស្សច្រើនបំផុតក្នុងទីក្រុងនេះត្រូវបិទជាបណ្តោះអាសន្ន។
អ្នកសារព័ត៌មាន Jessica Smith ធ្វើការឲ្យគេហទំព័រYahoo Finance បានបង្ហោះនៅលើបណ្តាញសង្គម Twitterថា «ខ្ញុំនិង ស្វាមីកំពុងតែពិសាអាហារពេលយប់ នៅក្នុងភោជនីយដ្ឋានម៉ិចស៊ីកូក៏ស្រាប់តែមានករណីបាញ់ប្រហារកើតឡើង ។ យើងខ្ញុំបានរត់ទៅកាន់តំបន់មានសុវត្ថិភាព ហើយជាភព្វសំណាងអ្វីគ្រប់បានល្អប្រសើរ។ នេះជាយប់ដ៏រន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋ»។
ចំណែកអ្នកសារព័ត៌មាន Jim Acosta ធ្វើការឲ្យសារព័ត៌មាន CNN បានឱ្យដឹងថា «ខ្ញុំបានឮស្នូរកាំភ្លើងនៅតំបន់ទី១៤ ភាគពាយ័ព្យនៃទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។ ពលរដ្ឋដែលទៅពិសាអាហារនៅភោជនីយដ្ឋាន Le Diplomate មានចម្ងាយពីកន្លែងផ្ទុះអាវុធប៉ុន្មានម៉ែត្របាននាំគ្នារត់ទៅកាន់តំបន់មានសុវត្ថិភាព»។
កម្លាំងប៉ូលិសទីក្រុងវ៉ាស៊ីនតោនឌីស៊ី ក្រោយទទួលបានព័ត៌មាន ក៏បានទៅកាន់កន្លែងកើតហេតុភ្លាមៗ។ កម្លាំងប៉ូលិសបានប្រកាសថា កំពុងបើកការស្រាវជ្រាវដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីករណីបាញ់ប្រហារខាងលើ ។ ចំណែកជនដែលជាអ្នកបាញ់ប្រហារបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុតាមរថយន្តពណ៌ខ្មៅ ។ តាមការសន្និដ្ឋាន នេះជាការបាញ់ប្រហារដោយមានការគិតទុកជាមុន៕ដោយ៖ធីរីណា

រូបថត៖Jim Acosta/ Twitter


ចែករំលែក៖