ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តបន្ទាយមានជ័យ៖ ជាខេត្តទី២បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ឲ្យដំណើរការ ថែទាំ ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ យោងតាមអនុសាសន៍ណែនាំយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរខេត្តបន្ទាយមានជ័យ សហការ
ជាមួយគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានរៀបចំ
ដាក់ឲ្យដំណើរការ ថែទាំ ការព្យាបាលអ្នកជំងឺកូវីដ នៅតាមផ្ទះ។

ជាក់ស្ដែង​ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹក​ថ្ងៃសៅរ៍ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងអភិបាលរងខេត្តក្រុមការងារ មន្ទីរសុខាភិបាល មន្ទីរពេទ្យ អាជ្ញាធរក្រុង/ស្រុកទាំង៩ បានចូលរួមវគ្គបណ្តុះបណ្តាល’’នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ’’ តាមប្រព័ន្ធ ZOOM ក្រោមការដឹកនាំសម្របសម្រួលរបស់ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការគោរពអរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានគិតគូរខ្ពស់ចំពោះសុខភាព សុខាមាលភាពរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងទប់ស្កាត់នៃជំងឺកូវីដ១៩ ។ថ្ងៃនេះដោយបានគោលការណ៍ឯកភាព ពីក្រសួងសុខាភិបាល ក្រោមការសម្របសម្រួលពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក​ឧត្ដមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត ដូច្នេះ​រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានដំណើរការវគ្គបណ្តុះបណ្តាលនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ដើម្បីឈានទៅដល់ការដំណើរការនាពេលខាងមុខនេះ។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ បានបញ្ជាក់ថា​ លោក អ៊ុំ រាត្រី ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្តេជ្ញាខ្ពស់ ក្នុងការសម្របសម្រួលដឹកនាំ ប្រតិបត្តិការងារ ថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ តាមផ្ទះនេះឲ្យបានជោគជ័យ ក្នុងនោះរដ្ឋបាលខេត្ត បានរៀបចំរួចហើយលក្ខណៈតាមការណែនាំ រៀបចំក្រុមការងារប្រចាំការងារ ខេត្ត និងជាក្រុមតាមស្រុក/ក្រុង និងក្រុមប្រចាំការ Hot line និងក្រុមគ្រូពេទ្យ ។​ ហេីយជាជំហ៊ានដំបូងនេះ រដ្ឋបាលខេត្តនឹងដាក់ឲ្យដំណើរការ ថែទាំ ព្យាបាលតាមផ្ទះ ចំពោះក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ។

ដោយ​ឡែក​លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល
បានបញ្ជាក់តាមប្រព័ន្ធZoom ថា៖ ការប្រកាសឲ្យប្រើប្រាស់ការ ថែទាំ ព្យាបាលតាមផ្ទះ មានសារៈសំខាន់ណាស់ ក្នុងការជួយដោះស្រាយការលំបាករបស់អាជ្ញាធរ ទាំងការកាត់បន្ថយការចំណាយ តាមអនុសាសន៍ណែនាំ យកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ង៉ូវ កាង បានគូសបញ្ជាក់ទៀតថា ក្រុមការងារទាំងអស់ទាំងគ្រូពេទ្យ មន្ទីរសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយស្មារតីប្រុងប្រយ័ត្ន នៅពេលអនុវត្តន៍កិច្ចការនេះ។តាមរយៈវគ្គបណ្តុះបណ្តាលថ្ងៃនេះ សូមឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ គ្រូឧទ្ទេសធ្វើបទបង្ហាញលម្អិតពីនីតិវិធីប្រ តិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំង និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។

បន្ថែមពីនេះ​ លោករដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងការកោតសរសើរដល់ អភិបាលខេត្តបន្ទាយមានជ័យ ដែល
មានការប្តេជ្ញាខ្ពស់ ក្នុងការរៀបចំឲ្យមានដំណើរការព្យាបាលតាមផ្ទះនេះ ជាការចូលរួមចំណែកដ៍សំខាន់ ដើម្បីប្រសិទ្ធភាពការគ្រប់គ្រង និងទប់ស្កាត់នៃជំងឺកូវីដ១៩ ។ ខេត្តបន្ទាយមានជ័យ ជាខេត្តទី២បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ឲ្យដំណើរការ ថែទាំ ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ៕

ដោយ​៖សហការី​


ចែករំលែក៖