ខេត្តព្រះសីហនុ៖ លោកស្រី អ៊ូ ធីតាពៅ គួច ចំរើន ភរិយាលោកអភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញដាំដើមសាកាកែវ លម្អនៅជុំវិញបន្ទប់ទឹកសាធារណៈ ដែលស្ថិតនៅតាមបណ្ដោយឆ្នេរគឺចាប់ពីឆ្នេរអូរឈើទាលរហូតដល់ឆ្នេរអូរត្រេះ។
សូមជម្រាបថា ចំពោះសកម្មភាពនៃការដាំដើមសាកាកែវ នៅជុំវិញបន្ទប់ទឹកសាធារណៈនេះ គឺដើម្បីបង្កើនសោភ័ណភាពឱ្យស្រស់ស្អាតទាក់ទាញ និងមានផាសុខភាពបន្ថែមទៀត ដោយមានការចូលរួមពីអាជ្ញាធរក្រុង និងមន្ទីរជំនាញពាក់ព័ន្ធ ។
ក្នុងឱកាសនោះ លោកស្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅក្រុងព្រះសីហនុ និងបានប្រើប្រាស់បន្ទប់ទឹកសាធារណៈនេះ សូមជួយចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត៕ដោយ៖សហការី