ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងស្នើដល់ពលរដ្ឋនៅប្រទេសមួយចំនួនត្រូវតែធ្វើចត្តាឡីស័កបើទោះបីបានចាក់វ៉ាក់សាំងហើយក្តី

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងសេអ៊ូលបានសម្រេចដាក់បញ្ចូលប្រទេសមួយចំនួនត្រូវធ្វើចត្តាឡីស័កបើទោះបីចាក់វ៉ាក់សំាងរួចរាល់ហើយក្តី ក្នុងនោះមានប្រទេសវៀតណាម រុស្ស៊ី អ៊ុយបេគីស្ថាន និងប្រទេសជាច្រើនទៀតដែលមានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta ។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចដាក់ប្រទេសចំនួន២៦ ក្នុងបញ្ជីឈ្មោះប្រទេសដែលមិនលើកលែងការធ្វើចត្តាឡីស័កពេលចូលទៅដល់ទឹកដីកូរ៉េខាងត្បូង។ ប្រទេសស្ថិតនៅក្នុងបញ្ជីឈ្មោះនោះ មិនមានប្រទេសក្នុងតំបន់អឺរ៉ុប ឬអាមេរិកនោះឡើយ។
មន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹងថា៖ «យើងនឹងអនុវត្តវិធានការខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសបំប្លែងខ្លួនថ្មី Delta ឆ្លងចូលទឹកដីកូរ៉េខាងត្បូង។
នៅថ្ងៃទី២៤ខែកក្កដា កូរ៉េខាងត្បូង មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ១៦២៩នាក់ ក្នុងនោះមាន ១៥៧៣នាក់ឆ្លងក្នុងសហគមន៍ ក្រៅពីនេះគឺឆ្លងចូលពីក្រៅប្រទេស។ សរុបអ្នកឆ្លងកូវីដ-១៩ នៅកូរ៉េខាងត្បូងកើនឡើងដល់ទៅ ១៨៧.៣៦២ នាក់ និងស្លាប់២.០៦៨ នាក់។
កូរ៉េខាងត្បូងកំពុងតែប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩ ដំណាក់កាលទី៤ ដូច្នេះរដ្ឋាភិបាលកំពុងតែអនុវត្តវិធានការរឹតត្បិតខ្ពស់បំផុតដើម្បីទប់ស្កាត់ការឆ្លងកូវីដ- ១៩៕

ដោយ៖ធីរីណា(រូបភាព៖TTXVN )


ចែករំលែក៖