ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងស្រវឹងស្រាបានបេីករថយន្ត​Tundra បុកសំយាបផ្ទះប្រជាពលរដ្ឋបាក់ដល់ដី

ចែករំលែក៖

  ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តTundra ទាំងស្រវឹងស្រា​បោះពួយទៅបុកសំយាបផ្ទះប្រជាពលរដ្ឋធ្វើឱ្យបាក់ធ្លាក់ដល់ដី រីឯរថយន្តទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២១ នៅចំណុចមុខហាងមីហឹរ៧យ៉ាង តាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្ត​ម៉ាក​ Tundra  ពណ៌ស្ក​រ ពាក់ស្លាកលេខ​ ភ្នំពេញ2BJ-0419បេីកបរដោយបុរសម្នាក់​ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១​ ពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យអ្នកបើកបរស្រវឹងស្រាខ្លាំងបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកសំយាបផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់ធ្លាក់ដល់ដីរងការខូចខាតខ្ទេចខ្ទី។រីឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ​ តែមិនធ្វេីឲ្យមនុស្សរងរបួសនោះទេ​ ។ 

  ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុនិងមានតំណាងខាងរថយន្តបង្កចុះមកធ្វើការចរចានិងសម្របសម្រួលគ្នាជាមួយភាគីម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖