ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តស្វាយរៀង បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នៅក្នុង ខេត្ត ស្វាយរៀង នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្តបន្ទាប់ ទៀត ដូច្នេះដើម្បីធានាការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋសុខភាពសាធារណៈ ក៏ដូចជាសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំដូចខាងក្រោម៖

១-បន្តផ្អាកការលក់ ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រ ខេត្ត ស្វាយរៀង គ្រប់ ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងការហ្វហាងភេសជ្ជៈ ទីតាំងអាជីវកម្ម ផ្នែកអាហារ ភេសជ្ជៈ និងដេប៉ូចែកចាយគ្រឿងស្រវឹង ត្រូវផ្អាកនូវការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ។

២- រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ចំពោះការជួបជុំប្រមូល ផ្តុំគ្នាច្រើនពីផ្ទះមួយទៅផ្ទះមួយដើម្បីពិសាគ្រឿងស្រវឹងត្រូវបានហាមឃាត់ជាដាច់ខាត ។

៣-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើ ការណែនាំស្តីពីការហាមឃាត់ និងទប់ស្កាត់ការជួបជុំការលក់ដូរ និងពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងករណីបង ប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ ម្ចាស់ដេប៉ូចែកចាយ ម្ចាស់ហាងម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំង អាជីវកម្មពាក់ព័ន្ធនឹងការលក់ដូរគ្រឿងស្រវឹងដូចរៀបរាប់ខាងលើ មិនអនុវត្តតាមការណែនាំនេះនឹងត្រូវទទួល ទណ្ឌកម្មស្របតាមវិធានការរដ្ឋបាល ។

ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អ្នកគ្រប់គ្រងផ្សារ ម្ចាស់ដេ ម្ចាស់អាជីវកម្មលក់ដូរត្រប់ប្រភេទ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តសេចក្តី ការណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖សិលា


ចែករំលែក៖