ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ​នេះ​! ​ថៃ​ អ្នកជំងឺកូវីដ​-១៩​ ចំនួន​១២៩ទៀត​ស្លាប់​,ខណៈ​រកឃើញករណីឆ្លងថ្មីៗ ១៥,៣៣៥នាក់​ ដែលជាកំណត់ត្រាថ្មីមួយទៀត

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅថ្ងៃអាទិត្យនេះ ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥,៣៣៥ករណី​ និង អ្នកជំងឺចំនួន ១២៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ​ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

សារព័ត៌មានថៃ Bangkok Post បានបញ្ជាក់ពីរបាយការណ៍របស់ក្រសួងសុខាភិបាលថៃ ថា៖​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ គឺ១៤,៦៩៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៦៤១ករណី ត្រូវបានរកឃើញលើអ្នកទោស នៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗនោះ​ អ្នកជំងឺចំនួន ៦,៩០៤នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

ប្រទេសថៃ​ រហូតមកទល់ពេលនេះ​ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៩៧,៣០២ករណី ក្នុងនោះមានអ្នកស្លាប់ ៤,០៥៩នាក់ និងអ្នកជាសះស្បើយ ៣៣៤,៦៩៣នាក់។ ដោយ​ឡែក​សម្រាប់ការចាក់វ៉ាក់សាំងវិញ ថៃសម្រេចបានយ៉ាងហោចជា ១៥លានដូស ក្នុងនោះមនុស្សច្រើនជាង៣លាននាក់ នៃប្រជាជនសរុបជិត៧០លាននាក់ ចាក់បានគ្រប់ដូស។

គួរបញ្ជាក់ថា​ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ​ ប្រមុខកងទ័ពថៃ លោកឧត្ដមសេនីយ៍ Narongphan Jitkaewtae ក៏បានចេញបទបញ្ជាឱ្យកងទ័ពចូលរួមចំណែកក្នុងការរៀបចំ ពិធីបុណ្យសពសម្រាប់អ្នកស្លាប់ដោយសារ COVID-19ផងដែរ។

បេី​តាមលោក Narongphan Jitkaewtae រាល់អង្គភាពកងទ័ពទាំងអស់មានអង្គភាពរៀបចំពិធីបុណ្យសពមួយ ដែលទទួលខុសត្រូវលើការរៀបចំពិធីបុណ្យសព សម្រាប់កងទ័ពដែលបានស្លាប់។ ប្រមុខកងទ័ពថៃរូបនេះ បន្ថែមទៀតថា កងទ័ពនឹងប្រមូលសាកសពក៏ដូចជាកំណត់អត្តសញ្ញាណសពដើម្បីជួយសម្រួលដល់គ្រួសារ ជនរងគ្រោះក្នុងការបូជាសព។ចំណែក​អង្គភាពរៀបចំពិធីបុណ្យសពក៏អាចប្រើប្រាស់ជំនាញ និងចំណេះរបស់ខ្លួនក្នុងការប្រមូលសពនៅក្នុងសមរភូមិយកមកជួយ គ្រួសារជនរងគ្រោះស្លាប់ដោយសារ COVID-19 ដើម្បីរៀបចំពិធីបុណ្យសពផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖