ភ្នំពេញ៖ ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា មិនអស់ចិត្ត ចំពោះការរកឃើញមេរោគកូវីដ-១៩ នៅលើសាច់ក្របី ដែលនាំចូលពី ប្រទេសឥណ្ឌា មកប្រទេសកម្ពុជា ! នេះជាការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid 19 នៅល្ងាចថ្ងៃទី 27 ខែកក្កដាឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid 19 បានលើកឡើងថា, ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា មិនអស់ចិត្ត ចំពោះការរកឃើញមេរោគ កូវីដ-១៩ នៅលើ សាច់ក្របី ដែលនាំចូលពី ប្រទេសឥណ្ឌា មក ប្រទេសកម្ពុជា និងបានស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid 19 បន្តថា, ស្ថានទូតឥណ្ឌា បានអះអាងថា សាច់ក្របីនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវមុននឹងនាំចូលមកប្រទេសកម្ពុជា។ មួយវិញទៀត សាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជានៅខែកក្កដា ដែលគ្មានភ័ស្ដុតាងវិទ្យាសាស្ត្រណាបង្ហាញថា វីរុសកូវីដ-១៩ អាចរស់បានលើសម្ភារវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត ៣ ខែនោះទេ។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល បានរកឃើញសាច់ក្របីចំនួន ៤កុងតឺន័រមានមេរោគកូវីដ-១៩ ក្នុងចំណោមសាច់ក្របីចំនួន ៥ កុងតឺន័រ នាំមកពីប្រទេសឥណ្ឌាចូលប្រទេសកម្ពុជានោះ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid 19 បានរំឮកថា, កុំប្រហែស!! សូមពាក់ម៉ាស និងរក្សាគម្លាត! រកឃើញ កូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៩ ករណី បន្ថែមទៀត នៅកម្ពុជា៖ បុគ្គលិកសុខាភិបាល ៤នាក់, នាំចូលពីប្រទេសថៃ ២១នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍ ១៤នាក់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid 19, បញ្ជាក់ថា, គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) សរុបចំនួន ១១៤ នាក់ (ស្រ្តី ៥៩នាក់)៕
ដោយ ៖ សិលា