នៅថ្ងៃទី២៧ខែកក្កដា មន្ទីរបញ្ចកោណអាមេរិក និងតំណាងរាស្ត្រគណបក្សសាធារណរដ្ឋបានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រោយពីចិនបានបង្កើនកម្លាំងបរមាណូ និង ក្រោយពេលទីក្រុងប៉េកាំងបានបង្កើនការសាងសង់បន្ថែមរូងក្រោមដីដើម្បីរក្សាទុកកាំជ្រួចមីស៊ីល។
តាមរបាយការណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក AFS បានឱ្យដឹងថា តាមរូបភាពពីផ្តាយរណបបង្ហាញឱ្យឃើញថា ចិនកំពុងតែសាងសង់ទីក្រុងក្រោមដីដើម្បីរក្សាទុកកាំជ្រួចមីស៊ីលនៅតំបន់ Yumen ភាគខាងកើតតំបន់សុីជាំង។
តាមរបាយការណ៍របស់អាមេរិក ចិនបានសាងសង់ទីតាំងក្រោមដីដល់ទៅ១២០កន្លែងសម្រាប់រក្សាទុកកាំជ្រួចមីស៊ីល ស្ថិតនៅតំបន់Yumen ជាតំបន់វាលរហោឋាន ។ ទីបញ្ជាការកម្លាំងទាហានអាមេរិក បានលើកឡើងថា «នេះជាលើកទីពីរហើយដែលយើងបានមើលឃើញពីការគំរាមកំហែងកាន់តែខ្លាំងពីប្រទេសចិន»។
កាលពីដើមខែកក្កដា ក្រសួងការបរទេសអាមេរិកបានប្រកាសថាចិនបានខិតខំ«សន្សំកម្លាំង»បរមាណូគួឲ្យបារម្ភបំផុត ។ អាមេរិកបានអំពាវនាវឱ្យចិនចូលរួម នៅក្នុងវិធានការកាត់បន្ថយសកម្មភាពដែលអាចបង្កឲ្យមានការប្រកួតប្រជែងអាវុធ និងបង្កអសន្តិសុខនៅក្នុងតំបន់»។
តាមរបាយការណ៍របសមន្ទីរបញ្ចកោណអាមេរិកបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ចិនមានក្បាលគ្រាប់បរមាណូប្រមាណ២០០គ្រាប់ ហើយពេលនេះអាចកើតឡើងជាច្រើន ក្នុងពេលចិនបង្កើនការអភិវឌ្ឍយោធាកាន់តែខ្លាំង៕ដោយ៖ធីរីណា
រូបភាព៖Reuters