អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation បានដកស្រង់ចេញផ្សាយប្រភពពីក្រសួងសុខាភិបាលថៃ បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា៖ តាមរាយការណ៍របស់អាជ្ញាធរមូលដ្ឋានស្តីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ គិតត្រឹមក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះមានរហូតដល់ទៅចំនួន ១៧,៦៦៩ករណី ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត និងអ្នកជំងឺចំនួន ១៦៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។
ជាក់ស្ដែងក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៧,៤០៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៦១ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ៩,៧៩៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរជម្រាបដែរថា ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៥៦១,០៣០ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៥៦២នាក់ និងអ្នកជាសះស្បើយ ៣៧០,៤៧២នាក់ គិតរហូតមកទល់ពេលនេះ។
ដោយឡែក សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វិញ ប្រទេសមួយនេះ បានទទួលស្គាល់ថា ខ្លួនមានភាពយឺតយ៉ាវខ្លាំង ដោយគិតត្រឹមចុងសប្តាហ៍មុននេះ ទើបតែសម្រចបាន ១៦លានដូសប៉ុណ្ណោះ, ក្នុងនោះប្រជាជន ៣.៦៥លាននាក់ (៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ៖ស តារា
រូបភាព៖ឯកសារ