ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចបន្ទាប់ពីលួចទូរស័ព្ទដៃជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បន្ទាប់ពីលួចទូរស័ព្ទដៃរបស់ជនរងគ្រោះកាលពីវេលាម៉ោងប្រមាណជាង៦ល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១រួចមក។
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះសំណាក់ LS តាមបណ្ដោយផ្លូវលេខ៥៣ ម្ដុំផ្សារថ្មី ក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជា៦ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នារីរងគ្រោះបានចតម៉ូតូនៅមុខហាងមួយកន្លែង ដោយភ្លេចទូរស័ព្ទដៃនៅក្នុងឃ្លុបម៉ូតូខាងមុខ ខណៈនោះស្រាប់តែមានជនសង្ស័យម្នាក់បានដើរមកអង្គុយលើម៉ូតូ។ ឃើញដូច្នេះ នារីរងគ្រោះស្មានតែចោរមកលួចកាច់កម៉ូតូក៏ដើរចេញមកមើល តែបុរសជាជនសង្ស័យនោះបានដើរចេញបាត់ទៅ។ ខណៈនោះនារីម្ចាស់ម៉ូតូក៏មករកទូរស័ព្ទដៃ នៅក្នុងឃ្លុបម៉ូតូស្រាប់តែបាត់មិនឃើញ។ លុះមកដល់វេលាម៉ោងប្រមាណជាង១១ថ្ងៃត្រង់ ស្រាប់តែលេចមុខបុរសជាជនសង្ស័យដើរមកម្ដុំផ្សារថ្មីតាមបណ្ដោយផ្លូវលេខ៥៣នេះ ក៏ត្រូវបាននារីរងគ្រោះនិងបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបាន រួចរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ដើម្បីមកនាំខ្លួនជនសង្ស័យយកទៅសួរនាំ។

បច្ចុប្បន្នសង្ស័យត្រូវបាននគរបាលឃុំខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖រ៉ារ៉ា


ចែករំលែក៖